ព័ត៌មានជាតិ

អ្នកតំណាងសមាគមអ្នកសាងសង់កម្ពុជា បញ្ជាក់ថា ការចងក្រងជាសមាគម បានធ្វើឲ្យធុរជន មានភាពងាយស្រួល ក្នុងការធ្វើអាជីវកម្ម

image

  ភ្នំពេញ ៖ លោកឧកញ៉ា ហាន់ ឃាង អនុប្រធានទី១ សមាគមអ្នកសាងសង់កម្ពុជា បានមានប្រសាសន៍ថា ឆ្លងកាត់ការបង្កើតសមាគម អស់រយៈពេល៨ឆ្នាំកន្លងមកនេះ សមាគម បានជួយសម្របសម្រួលយ៉ាងច្រើន ដល់គ្រប់សមាជិកទាំងអស់។ លោកឧកញ៉ា បន្តថា តាមរយៈ សមាគមនេះ បានធ្វើឲ្យសមាជិកទាំងអស់ អាចចែករំលែកព័ត៌មាន និងតម្លៃ ស្តីពីសម្ភារៈ បរិក្ខាសំណង់ ឲ្យគ្នាទៅវិញទៅមក ហើយមិនចាំបាច់ មានឈ្មួញកណ្តាលនោះទេ។

  ការលើកឡើង របស់លោកឧកញ៉ា បានធ្វើឡើង នៅក្នុងកម្មវិធីជួបជុំសំណេះសំណាល និងទំនាក់ទំនងធុរកិច្ច របស់សមាគម​អ្នកសាងសង់កម្ពុជា ដែលធ្វើឡើង នៅរាជធានីភ្នំពេញ។ 

  ​លោកឧកញ៉ា ក៏បានអំពាវនាវ ឲ្យសមាជិកទាំងអស់ ​ជួយបន្តនូវកិច្ចសហការ ផ្លាស់ប្ដូរយោបល់ និងធ្វើការទំនាក់ទំនងធុរកិច្ច ជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធ និងល្អប្រសើរបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ និងផលប្រយោជន៍ ដល់ក្រុមហ៊ុនរៀងៗខ្លួន ក៏ដូចជាចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

  សូមជម្រាបថា សមាគមអ្នកសាងសង់កម្ពុជា បច្ចុប្បន្នមានអាយុ៨ឆ្នាំហើយ ដែលមានសមាជិក ១៣៧ក្រុមហ៊ុន ដែលក្រុមហ៊ុនទាំងអស់នេះ មានខ្លះជាសមាជិក ដែលជាសាខារបស់ក្រុមហ៊ុន មកពីបរទេស ដូចជាប្រទេសចិន ជប៉ុន ឥណ្ឌូនេស៊ី ហ្វីលីពីន កូរ៉េ ថៃ សិង្ហបុរី ស៊ុយអែត ស្វីស ម៉ាឡេស៊ី អាល្លឺម៉ង់ បារាំង និងវៀតណាម៕អត្ថបទ ៖ សន ពិសិដ្ឋ