គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ជាក់ជាថ្មីថា ឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក
| ព័ត៌មានជាតិ
SHARE

តាមសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃនេះ ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលចុះហត្ថលេខា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានស្ថាប័ននេះ បានបញ្ជាក់ជាថ្មីថា ឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី ចរាចរណ៍។

ដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២០ នេះ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» សម្តេចក្រឡាហោម ស ខេង ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំ ៤ ចំណុច រួមមាន៖
១-ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាលារៀន… ត្រូវបន្ត និងបង្កើនការផ្សព្វផ្សាយ ការអប់រំច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិក កម្មករ សិស្ស និស្សិត… ឲ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។

២-អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌តាមដងផ្លូវ។

៣-គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមប្រកាសយកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក។

៤.អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ និងកងកម្លាំងអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ត្រូវយកអស់ស្មារតីទទួលខុសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ដោយស្មើភាព ដោយគ្មានការលើកលែង ដោយតម្លាភាព និងប្រកបដោយសីលធម៌វិជ្ជាជីវៈ សំដៅជំរុញអ្នកប្រើប្រាស់ផ្លូវឱ្យគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់។


យោងតាមសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០១៩ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ មានកំណើនយ៉ាងគំហុក ទាំងស្លាប់ ទាំងរបួស និងទាំងការខូចខាតទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ជាក់ស្តែង អ្នកស្លាប់ កើនឡើងចំនួន ២២០ នាក់ ស្មើនឹង ១២% និងអ្នករបួសកើនឡើងចំនួន ១៣៧១នាក់ ស្មើនឹង ២៩%។ បញ្ហាទាំងនេះ មូលហេតុដោយសារកត្តាសំខាន់បីយ៉ាង គឺកត្តាកំណើនយានយន្ត ( ប្រមាន ៣៧% ) កត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលមិនមានតុល្យភាពនឹងកំណើនយានយន្ត និងកត្តាឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ ដែលមិនគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation