ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យោធភូមិភាគទី៥
| ព័ត៌មានជាតិ
SHARE

បាត់ដំបង ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី៥ ខេត្តបាត់ដំបង នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងឳកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់យោធភូមិភាគទី៥ ដែលពេញមួយឆ្នាំ២០១៩ កន្លងទៅនេះ បានយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការ ទទួលខុសត្រូវខ្ពស់ ក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការធានានូវសន្តិភាព, ស្ថិរភាព, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ និងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ក៏ដូចជាការចូលរួមចំណែក ក្នុងការអនុវត្តផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការ។

មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា សមិទ្ធផលការងារទាំងនេះ ស្តែងឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយពលិកម្ម និងការប្តេជ្ញាចិត្តរបស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងយោធភូមិភាគទី៥ ហើយក៏អាចនិយាយបានថា ជាផ្លែផ្កានៃសាមគ្គីភាព និងឯកភាពផ្ទៃក្នុងល្អ ដែលថ្នាក់ដឹកនាំ និងយោធិនទូទាំងយោធភូមិភាគទី៥ បានខិតខំរួបរួមគ្នាសម្រេចបានក្នុងរយៈកាលកន្លងមកនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ ព្រមទាំងយោធិនទូទាំងយោធភូមិភាគទី៥ នឹងបន្តប្រកាន់ខ្ជាប់នូវស្មារតី និងគោលការណ៍ទាំងនេះ ដើម្បីធានាបាននូវនិរន្តរភាពការងារ និងការរីកចម្រើនរបស់យោធភូមិភាគបន្តទៅមុខទៀត។

ជាមួយគ្នាដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគាំទ្រនិងជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់យក ការសម្រេចចិត្ត ច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនឹងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមកងយោធខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង៕ ដោយ៖ មួង សុវណ្ណារិទ្ធ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation