ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងដែនដី លើកឡើងថា គម្រោងលំដៅដ្ឋានកំណប់ឋានសួគ៌ ជួយដល់តំបន់ទេសរណ៍ភ្នំបូកគោ ឲ្យកាន់តែមានទាក់ទាញ

image

នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋាន កំណប់ឋានសួគ៍ក្រុមហ៊ុនសុខាអូតែល លើភ្នំបូកគោ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង មានប្រសាសន៍ថា គម្រោងលំនៅដ្ឋានកំណប់ឋានសួគ៌ នៅលើភ្នំបូកគោនេះ គឺមានការគាំទ្រជាផ្លូវច្បាប់ដោយពីរាជរដ្ឋាភិបាល ដោយគម្រោងនេះអាចចាត់ទុកថាជាគម្រោងមួយជួយកែលំអរអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជាឲ្យក្លាយទៅជាតំបន់ទេសចរណ៍មានភាពទាក់ទាញកាន់តែខ្លាំងចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលនាំមកនូវចំណូលជូនជាតិកាន់តែច្រើនបានមកពីវិស័យទេចរណ៍។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបញ្ជាក់ទៀតថា កាលណាតំបន់ប្រវត្តិសាស្ត្រនេះមានប្រជាពលរដ្ឋរស់នៅច្រើនមានផ្សារ មានមន្ទីរពេទ្យ និងសាលារៀន អ្នកទេសចរណ៍ជាតិ និងអន្តរជាតិក៏មានទំនុកចិត្ត ក្នុងការមកស្នាក់នៅសម្រាកកម្សាន្តនៅទីនេះដែរ។ ឯកឧត្តមស្នើឲ្យទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនសិក្សាលើហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងមកកាន់តំបន់ទេសចរណ៍មួយនេះផងដែរ។ ឧបនាយករដ្ឋមន្រ្តីបានអំពាវនាវឲ្យអ្នកវិនិយោគលើសំណង់លំនៅដ្ឋានទាំងជាតិ និងអន្តរជាតិជួយចូលរួមចំណែកបោះទុនវិនិយោគ នៅលើកំពូលភ្នំបូកគោទៅតាមលទ្ធភាព ដែលអាចទៅរួច ដើម្បីកែប្រែតំបន់ទេសចរណ៍នេះទៅជាតំបន់ទេសចរណ៍ទាក់ទាញបន្ថែមទៀត។

លោកស្រី សុខ ចន្ថា អនុប្រធានក្រុមហ៊នសុខាអូតែល បញ្ជាក់ថា គម្រោងលំនៅដ្ឋានកំណប់ឋានសួគ៌ នៅលើភ្នំបូកគោ គឺមាន៤ទីតាំង អនុលោមតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចដាក់ឲ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ក្រុមហ៊ុនបានរៀបចំគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន នៅលើភ្នំបូកគោ ដោយពុះបំបែកដីជាឡូត៍តូចៗ មានដីឡូត៍ សម្រាប់សាងសង់ផ្ទះល្វែង សម្រាប់សាងសង់ភូមិគ្រឹះ និងសម្រាប់សាងសង់អគារពាណិជ្ជកម្ម ជាដើម ដែលបច្ចុប្បន្នបានជួលបន្តដីឡូត៍ទាំងនោះ អស់ចំនួនប្រមាណ ៥២០០ ឡូត៍ ទៅឲ្យអតិថិជនប្រមាណ ១៦០០ នាក់ហើយ៕