សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នគ្រប់ពេលចំពោះជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ
| ព័ត៌មានជាតិ
SHARE

អត្ថបទ៖ សិរី វឌ្ឍ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តស្នើឱ្យប្រជាពលរដ្ឋ ទោះបីនៅក្នុងទីក្រុង ឬនៅតាមជនបទស្រុកស្រែចម្ការ ត្រូវប្រុងប្រយ័ត្នគ្រប់ពេលចំពោះជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “មកទល់ពេលនេះស្ថានការណ៍នៃជំងឺកូវីដ-១៩ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវ គឺនៅតែជាក្តីព្រួយបារម្ភដ៏ធំបំផុតរបស់ពិភពលោក។ មកទល់ថ្ងៃនេះដែរ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ-១៩ នៅឡើយទេ។

មានជាង ២១៦ប្រទេស គឺចំនួនអ្នកឆ្លងរោគកូវីដ-១៩ បានកើនឡើងជាបន្តបន្ទាប់រហូតដល់ ៨,២៤២,៩៩៩ នាក់ និងមានអ្នកស្លាប់រហូតដល់ ៤៤៥,៥៣៥នាក់”។ សម្ដេចតេជោ បានបន្តថា ថ្មីៗនេះ នៅកម្ពុជា ក៏មានអ្នកឆ្លងរោគកូវីដ-១៩ ថ្មី ២នាក់ មកពីឥណ្ឌូណេស៊ី និង ១នាក់ទៀត មកពីម៉ាឡេស៊ី ដែលសរុបមកប្រទេសកម្ពុជា មានអ្នកឆ្លង ១២៩នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១២៦នាក់ និង ៣នាក់ កំពុងសម្រាកព្យាបាល។

សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នគ្រប់ពេល ទោះបីនៅក្នុងទីក្រុង ឬនៅតាមជនបទស្រុកស្រែចម្ការ គឺត្រូវមានម៉ាស់ពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយទឹកអាល់កុល ឬជែលសម្លាប់មេរោគឱ្យបានជាប្រចាំ។

ចំពោះទីកន្លែងប្រមូលផ្តុំដែលមានមនុស្សច្រើន ដូចជា ផ្សារ ផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ តូបលក់ដូរ ហាងលក់ទំនិញ ជាពិសេសមន្ទីរព្យាបាល និងមន្ទីរពេទ្យទាំងរដ្ឋ និងឯកជន ត្រូវតែមានម៉ាស់ ទឹកអាល់កុល ឬជែលដើម្បីឱ្យពលរដ្ឋប្រើប្រាស់ការពារកុំឱ្យមានការចម្លងរោគកូវីដ-១៩ពីម្នាក់ទៅម្នាក់ ព្រោះជំងឺនេះមើលមិនឃើញទេ ហើយងាយឆ្លងរាលដាលលឿនណាស់។

សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណជនរួមជាតិ ដែលយកចិត្តទុកដាក់ការពារខ្លូន និងការពារសមាជិកក្នុងក្រុមគ្រួសារដើម្បីសុវត្ថិភាពសុខភាពចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នានៅទូទាំងប្រទេស៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation