ព័ត៌មានជាតិ

ការស្ថាបនាស្ពានបេតុង ៥កន្លែងក្នុងខេត្តក្រចេះ ដែលជាជំនួយឥតសំណងជប៉ុន សម្រេចបានជាង ៨២ភាគរយហើយ

image

ក្រចេះ៖ ស្ពានបេតុងចំនួន ៥កន្លែង ក្នុងខេត្តក្រចេះ ដែលជាគម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន, បច្ចុប្បន្ននេះ ត្រូវបានសាងសង់បាន ៨២ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ បន្ទាប់ពីបានចាប់សាងសង់តាំងពីខែមិថុនា ឆ្នាំ២០១៨។

ស្ពានទាំង ៥កន្លែងនោះ មាន ៤កន្លែង ស្ថិតនៅក្នុងស្រុកឆ្លូង ដូចជា ស្ពានសណ្តាន់ មានប្រវែង៣៥ម៉ែត្រ, ស្ពានព្រែកឬស មានប្រវែង៦២ម៉ែត្រ, ស្ពានព្រែកអន្លងឃ្លេ មានប្រវែង៤៨ម៉ែត្រ និងស្ពានព្រែកឆ្លូង មានប្រវែង១៤០ម៉ែត្រ។ ដោយឡែក ស្ពានបេតុងមួយទៀត ស្ថិតនៅក្នុងសង្កាត់រការកណ្តាល គឺស្ពានព្រែកពាមទេ មានប្រវែង១៧៥ម៉ែត្រ។ ស្ពានទាំង៥កន្លែងនេះ ស្ថិតលើកំណាត់ផ្លូវជាតិ ៧៣ ដែលម៉ៅការសាងសង់ដោយក្រុមហ៊ុន HAZAMA។

ស្ពានបេតុងទាំងអស់នេះ នឹងបម្រើផលប្រយោជន៍ដល់សាធារណៈជន ក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ និងដឹកជញ្ជូនកសិផលទៅមក ដោយមិនមានកកស្ទះដូចស្ពានដែកបាឡេចាស់ ដែលស្ថិតនៅជាប់ស្ពានថ្មីនេះទេ។ នេះបើតាមការឱ្យដឹងពីលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ៕
អត្ថបទ៖នាង ចន្ថា