ព័ត៌មានជាតិ

គ្រឿងសម្អាងខុសច្បាប់ជាង១០តោន ត្រូវសមត្ថកិច្ចបង្ក្រាបនៅទីតាំងស្ដុកខណ្ឌបឹងកេងកង

image

ដោយ៖ គង់ ប៊ុនណា

ភ្នំពេញ៖ ទីតាំងស្ដុក និងចែកចាយគ្រឿងសម្អាងច្រើនប្រភេទរំលោភកម្មសិទ្ធិបញ្ញា និងខុសច្បាប់មួយកន្លែង ស្ថិតក្នុងក្រុមទី២៤ ភូមិ៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបបាននៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០។

សមត្ថកិច្ចបានរកឃើញសម្ភារ វត្ថុតាងមួយចំនួនដូចជា សាប៊ូចំនួន ១,០៤០កេស ស្មើនឹង ១១,១១២គីឡូក្រាម, ច្រាស់ដុះធ្មេញចំនួន ៣,៥០០គីឡូក្រាម និងគ្រឿងសម្អាងចម្រុះចំនួន ៤៨០គីឡូក្រាម។

ក្រោយត្រួតពិនិត្យសមត្ថកិច្ចរកឃើញថា ផលិតផលមួយចំនួនក្លែងម៉ាកសញ្ញា ក្លែងបន្លំប្រភពផលិត និងពុំមានលេខប្រវេទ៍ត្រឹមត្រូវ។ ដូចនេះសមត្ថកិច្ចចម្រុះសម្រេចដកហូត ជាបណ្តោះអាសន្ន ដោយដាក់ចូលក្នុងបន្ទប់ជាន់ផ្ទាល់ដី និងជាន់ឡៅតឿ នៃទីតាំងផ្ទះលេខ១២B ផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងផ្សេងទៀត ជាទំនិញដែលគ្មានលេខប្រវេទ៍ពីក្រសួងសុខាភិបាល សមត្ថកិច្ចចម្រុះសម្រេចធ្វើការឃាត់ទុក និងដកហូតជាបណ្តោះអាសន្ន ដោយប្រគល់ឱ្យម្ចាស់ទីតាំងធ្វើការគ្រប់គ្រង មិនឱ្យបាត់បង់ ឬខូចទ្រង់ទ្រាយដើម ដើម្បីធ្វើការស្រាវជ្រាវ ពិនិត្យបន្តរងចាំការសម្រេចពីស្ថាប័នតុលាការ។

ក្រៅពីនោះ សមត្ថកិច្ចចម្រុះក៏បានដកហូតប៉ាន់គំរូក្នុងមួយមុខ ២ដប ឬ២ដុំ ដើម្បីធ្វើការពិនិត្យផងដែរ។ ដោយឡែក ចំពោះម្ចាស់ទីតាំង ត្រូវបានអញ្ជើញទៅបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕




ព័ត៌មានទាក់ទង...