ព័ត៌មានជាតិ

ក្រសួង សម្រេចប្រគល់ផ្លូវជាតិលេខ៥១ ឱ្យមន្ទីរសាធារណការខេត្តកំពង់ស្ពឺ ទទួលបន្ទុកជួលជុលថែទាំឱ្យបានល្អ និងប្រើប្រាស់ជាប់បានយូរអង្វែង

image

កំពង់ស្ពឺ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចប្រគល់ផ្លូវជាតិលេខ៥១ ទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ជាអ្នកទទួលខុសត្រូវ ដើម្បីជួលជុលថែទាំកំណាត់ផ្លូវនេះឱ្យបានល្អ និងប្រើប្រាស់ជាប់បានយូរអង្វែង។

ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ បានដឹកនាំគណៈប្រតិភូ ចុះពិនិត្យគុណភាពផ្លូវជាតិលេខ៥១ ប្រវែង៣៧,៩៥គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) ដែលចំណាយថវិកាជាង ៤០,៨៨ លានដុល្លារអាមេរិក។

លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ អំពីការយកចិត្តទុកដាក់របស់គណៈកម្មការជំនាញ និងក្រុមការងារពិសេស ទាក់ទងនឹងគុណភាព និងបច្ចេកទេសនៃការសាងសង់ ក៏ដូចជាប្រព័ន្ធលូ ស្លាកសញ្ញាចរាចរណ៍ និងគំនូសចរាចរណ៍ ចាប់តាំងពីការចាប់ផ្ដើមសាងសង់រហូតដល់ការបញ្ចប់ការសាងសង់កំណាត់ផ្លូវជាតិលេខ៥១នេះ។

ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យគោរពច្បាប់ ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីគេចផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតឡើងដោយការធ្វេសប្រហែសធ្វើឱ្យមានវិប្បដិសារីអស់មួយជីវិត និងបានស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញ កុំផ្ទុកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ បណ្ដាលឱ្យផ្លូវឆាប់ខូចមុនអាយុកាល។

សូមជម្រាបជូនថា ផ្លូវជាតិលេខ៥១ មានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ ជាង ៤០,៨៨ លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ និងបានប្រគល់ទទួលជាបណ្ដោះអាសន្ននៅឆ្នាំ២០១៩ និងស្ថិតក្រោមការជួសជុលថែទាំរបស់ក្រុមហ៊ុនសាងសង់៕