ព័ត៌មានជាតិ

ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៥ ស្នើឱ្យមានការហោះហើរឡើងវិញជាបណ្តើរ

image

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរក្នុងស្រុក ចំនួន៥ លើកយកបញ្ហាប្រឈមនានា ក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្នើសុំឱ្យមានការហោះហើរជាបណ្តើរៗតាមដែលអាចធ្វើបាន ក្នុងបណ្តាប្រទេសអាស៊ាន។

ការស្នើឱ្យមានការហោះហើរឡើងវិញជាបណ្តើរៗនេះ បានធ្វើឡើងខណៈតំណាងក្រុមហ៊ុនអាកាសចរណ៍ទាំង៥ បានចូលជួបពិភាក្សាការងារជាមួយនឹងនាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ជើងហោះហើររបស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើននៅក្នុងតំបន់ និងពិភពលោក បាននិងកំពុងប្រឈមដោយសារការភ័យខ្លាចពីការឆ្លងនូវជំងឺកូវីដ១៩ ខណៈវិស័យមួយនេះ បានខាតបង់ថវិការាប់ពាន់លានដុល្លារអាមេរិក។

កាលពីកន្លងមកនេះ ដើម្បីជួយសម្រាលការលំបាក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនយកពន្ធលើវិស័យអាកាសចរណ៍ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យវិស័យមួយនេះ មានលទ្ធភាពក្នុងការចំណាយ និងមិនឲ្យក្រុមហ៊ុនទាំងនោះក្ស័យធន ដូចបណ្តាប្រទេសមួយចំនួន។

តាមការឲ្យដឹងពីមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សព្វថ្ងៃនេះ ដំណើរការជើងហោះហើររបស់កម្ពុជាពេលបច្ចុប្បន្ននេះមានពី ៧ ទៅ ១០ជើងក្នុងមួយថ្ងៃ ហើយរំពឹងថា នឹងមានការភ្ជាប់ជើងហោះហើរកាន់តែច្រើននាពេលដ៏ខ្លីខាងមុខ។

សូមជម្រាបដែរថា រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមាន ក្រុមហ៊ុនអាកាសចរណ៍ចំនួន ០៧ រួមមាន៖ ១. Cambodia Angkor Air, ២. Sky Angkor Airlines, ៣. Bassaka Air, ៤. JC (Cambodia) International Airlines, ៥. Lanmei Airlines, ៦. Cambodia Airways, ៧. Prince International Airlines។ បន្ថែមពីនេះ កម្ពុជាក៏មានក្រុមហ៊ុន Helicopter ចំនួន០២ទៀត គឺ Helicopter Cambodia និង Helistar Cambodia ផងដែរ៕