ព័ត៌មានជាតិ

សំណុំរឿងកកស្ទះនៅតាមតុលាការ ដោះស្រាយបាន៦៣%ហើយក្នុងរយៈពេល ១០០ថ្ងៃកន្លងទៅនេះ

image

ភ្នំពេញ៖ លទ្ធផលនៃការអនុវត្តយុទ្ធនាការរយៈពេល ១០០ថ្ងៃ កន្លងទៅនៃសំណុំរឿងព្រហ្មទណ្ឌដែលត្រូវបានជំនុំជម្រះរួចនៅតាមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេសកម្ពុជាមានចំនួនសរុប ៨,១១៧ សំណុំរឿង ស្មើនឹង ៦៣ភាគរយ នៃសំណុំរឿងដែលបានកកស្ទះកន្លងមក។ នេះបើយោងតាមសេចក្តីប្រកាសក្រសួងយុត្តិធម៌។

ក្នុងសេចក្តីប្រកាសបានឱ្យដឹងថា តួលេខនេះដោយផ្អែកតាម គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត (គ .យ.ក .) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងលទ្ធផលការងាររបស់ខ្លួនក្នុងរយៈពេល១០០ថ្ងៃ នៃការអនុវត្តយុទ្ធនាការ ដែលបានប្រកាសចាប់ផ្តើមកាលពី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។ 

ដោយផ្អែកលើការខិតខំដោះស្រាយបញ្ហាប្រឈមនានានៅតាមបណ្តាសាលាដំបូងរាជធានី ខេត្ត ដោយក្រុមការងារទាំង៤ និងលេខាធិការដ្ឋានរបស់ គ .យ. ក.ស. និងជាពិសេស ដោយមានការចូលរួមដ៏សកម្មប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រី រាជការនៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តីទាំងអស់ រួមទាំងស្ថាប័នពាក់ព័ន្ធនានា គ.យ.ក.ស. រំពឹងទុកថា សាលាដំបូងរាជធានី ខេត្តនៅទូទាំងប្រទេសនឹងបន្តខិតខំដោះស្រាយការកកស្ទះសំណុំរឿងនៅតាម អង្គភាពឱ្យចប់សព្វគ្រប់នៅត្រឹមដំណាច់ឆ្នាំ២០២០ ដោយប្រកាន់ខ្ជាប់នូវអភិក្រម ការងារក្នុងយុទ្ធនាការ គឺ “លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។

គ.យ.ក.ស. បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ នៃអង្គភាពរដ្ឋបាលនៃសាលាជម្រះក្តីទាំងអស់ ព្រមទាំងក្រុមការងារនៃ គ.យ.ក.ស. ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មអនុវត្តយុទ្ធនាការ ក្នុងការជំរុញការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានីខេត្ត ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យយុត្តិធម៌ផងដែរ។ 

គ .យ.ក .ស. សង្ឃឹមយ៉ាងមុតមាំថា តួអង្គពាក់ព័ន្ធទាំងអស់ នឹងបន្តចូលរួមកាន់តែសកម្មថែមទៀត សំដៅរួមចំណែកធ្វើឱ្យយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តីនេះ អាចសម្រេចលទ្ធផល បានតាមផែនការដែលបានគ្រោងទុក៕