ព័ត៌មានជាតិ

ប្រធានរដ្ឋសភាជាតិ យកផែនទីព្រំដែនគោកកម្ពុជា-វៀតណាម មកតម្កល់ទុកជាឯកសារប្រវត្តិសាស្ត្រ នៅវិមានរដ្ឋសភា

image



អត្ថបទ៖ វងសុភ័ក្ត្រ និងរូបភាព៖ប៉ក់សុខឃីម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានការអញ្ជើញចូលរួមប្រជុំពីលោក លោកស្រី ប្រធានគណកម្មការជំនាញរដ្ឋសភា ទាំង១០។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភានិងជាអ្នកនាំពាក្យ មានប្រសាសន៍ថា សម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភា បានទទួលយកផែនទីព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសវៀតណាម មកតម្កល់ទុកសម្រាប់ប្រើប្រាស់ នៅរដ្ឋសភា និងទុកជាឯកសារប្រវត្តិសាស្ត្រ។

ជាមួយគ្នានេះ លោក ឡេង ប៉េងឡុង បានឲ្យដឹងដែរថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃនេះ មានការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា មីណាម៉ាតា ស្តីពីបារត។ សេចក្តីព្រាងច្បាប់នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនឲ្យគណកម្មការទី៥ពិនិត្យ។

លើសពីនេះ ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋបារាំង។ សេចក្តីព្រាងច្បាប់នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនឲ្យគណកម្មការទី៦ និងទី៥ពិនិត្យ។

ចំនុចមួយទៀត ការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ វិសោធនកម្មពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សេចក្តីព្រាងច្បាប់នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនឲ្យគណកម្មការទី៣ និងទី៥ពិនិត្យ។

បន្ថែមពីនេះ គឺការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសេចក្តីព្រាងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ សេចក្តីព្រាងច្បាប់នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនឲ្យគណកម្មការទី៩ និងទី៥ពិនិត្យ។

ចុងក្រោយ គឺការពិនិត្យសំណើសុំអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី។ សេចក្តីព្រាងច្បាប់នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បញ្ជូនឲ្យគណកម្មការទី៦ និងទី៥ពិនិត្យ៕


ព័ត៌មានទាក់ទង...