ព័ត៌មានជាតិ

ចាប់បានហើយ ចោរដែលបន្លំខ្លួនជាម្ចាស់ផ្ទះសំណាក់លួចយករថយន្តភ្ញៀវនៅខេត្តតាកែវ

image

ភ្នំពេញ៖ ទីបំផុត សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាចោរដែលបន្លំខ្លួនធ្វើជាម្ចាស់ផ្ទះសំណាក់ ហើយលួចយករថយន្តភ្ញៀវក្នុងផ្ទះសំណាក់ឈ្មោះ មហារុងរឿង នៅខេត្តតាកែវ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។

ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅកោះពេជ្រ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោយពីលួចយករថយន្តបានសម្រេច ហើយគេចខ្លួនទៅដល់រាជធានីភ្នំពេញ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីវេលាម៉ោងចន្លោះប្រហែលម៉ោង ៩-១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅផ្ទះសំណាក់ មហារុងរឿង ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មានបុរសម្នាក់ បានបន្លំខ្លួនធ្វើជាម្ចាស់ផ្ទះសំណាក់ បានទៅគោះទ្វារបន្ទប់ភ្ញៀវដើម្បីសុំសោរថយន្តរៀបចំចំណត តែបែជាបើករថយន្តនោះទៅបាត់តែម្តង ដែលនេះគឺជាល្បិចថ្មីមួយទៀត ដែលមិនធ្លាប់មាន។ តែទោះជាយ៉ាងណាក៏ដោយ ក៏មិនអាចគេចផុតពីជំនាញរបស់សមត្ថកិច្ចបានឡើយ៕

ព័ត៌មានទាក់ទង...