ព័ត៌មានអន្តរជាតិ

វិន័យនៅក្នុងការជជែកដេញដោលរវាងបេក្ខភាពប្រធានាធិបតីអាមេរិកនឹងត្រូវកែប្រែក្រោយពីមានជម្លោះរវាងលោក ត្រាំ និងលោក បៃដិន

image

ស.រ.អ៖ គណៈកម្មការរៀបចំការជជែកដេញដោលរបស់បេក្ខភាពប្រធានាធិបតីអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គេនឹងកែប្រែទម្រង់ថ្មីដើម្បីធានាថាការជជែកដេញដោលដែលនៅសល់២លើកទៀតរវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន (Joe Biden) នឹងមានសណ្ដាប់ធ្នាប់ជាងមុន។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា វិធានការថ្មីគឺអាចនឹងបិទម៉ៃក្រូហ្វូនប្រសិនបើបេក្ខភាពប្រធានាធិបតីទាំងពីរព្យាយាមនិយាយកាត់គ្នាទៅវិញទៅមក។

ការប្រកាសនេះបានធ្វើឡើងក្រោយពីមានការជជែកដេញដោលគ្នាយ៉ាងតឹងសរសៃកកាលពីថ្ងៃអង្គារដែលឈានដល់ការឈ្លោះប្រកែកនិងប្រមាថគ្នា។

ក្រុមការងាររបស់ប្រធានាធិបតី ត្រាំ ក៏បានរិះគន់ចំពោះផែនការកែប្រែទម្រង់ថ្មីនេះផងដែរ ខណៈដែលការជជែកដេញដោលគ្នាលើកដំបូងរវាងបេក្ខភាពប្រធានាធិបតីទាំងពីរត្រូវបានគេរិះគន់នៅទូទាំងសហរដ្ឋអាមេរិកនិងជុំវិញពិភពលោក៕

ប្រែសម្រួលដោយ៖ ហ៊ាង នីតា