ព័ត៌មានអន្តរជាតិ

អ.ស.បអំពាវនាវឲ្យមានការស៊ើបអង្កេតដោយយុត្តិធម៌ក្នុងករណីមន្ត្រីកូរ៉េខាងត្បូងដែលត្រូវបានសម្លាប់ដោយកូរ៉េខាងជើង

image

កាលពីថ្ងៃអង្គារ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូងបានអំពាវនាវឲ្យមានការស៊ើបអង្កេតដោយយុត្តិធម៌នៅក្នុងការសម្លាប់មន្ត្រីជលផលម្នាក់ដោយទាហានកូរ៉េខាងជើងនៅឯសមុទ្រកាលពីខែមុនក្រោយពីក្រុមគ្រួសាររបស់ជនរងគ្រោះបានជំរុញឲ្យអង្គការសហប្រជាជាតិធ្វើការស៊ើបអង្កេតដោយផ្ទាល់។

ការស្លាប់របស់មន្ត្រីកូរ៉េខាងត្បូងដែលមានឈ្មោះថា លី ដេជុន (Lee Dae-jun) នោះបានបង្កឲ្យមានការជជែកវែកញែកថាហេតុអ្វី និងតើគាត់ត្រូវបានគេប្រទះឃើញនៅក្នុងដែនទឹកកូរ៉េខាងជើងដោយរបៀបណាក្រោយពីបានបាត់ខ្លួនអស់រយៈពេលជិត៣៦ម៉ោង។

រដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ការស៊ើបអង្កេតរបស់ពួកគេបានបង្ហាញថាលោក លី ប៉ុនប៉ងផ្តាច់ខ្លួនចូលទៅក្នុងប្រទេសកូរ៉េខាងជើង ប៉ុន្តែក្រុមគ្រួសាររបស់គាត់បានបដិសេធ។

លោក លី រេជីន (Lee Rae-jin) ដែលត្រូវជាបងប្រុសរបស់ជនរងគ្រោះបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងក្រៅការិយាល័យសិទ្ធិមនុស្សនៅក្នុងទីក្រុងសេអ៊ូលថា «លោកចង់លាតត្រដាងនូវអំពើសាហាវឃោរឃៅរបស់កូរ៉េខាងជើង និងបានស្នើឲ្យអង្គការសហប្រជាជាតិបើកការស៊ើបអង្កេតដោយយុត្តិធម៌និងត្រឹមត្រូវ។»

នៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមធ្វីតធ័រ (Twitter), ការិយាល័យសិទ្ធិមនុស្ស នៅទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េទាំងពីរមានកាតព្វកិច្ចបើកការស៊ើបអង្កេតប្រកបដោយយុត្តិធម៌និងមានប្រសិទ្ធភាពព្រមទាំងបង្ហាញលទ្ធផលជាសាធារណៈ ប៉ុន្តែមិនបានលើកឡើងអំពីតួនាទីរបស់ខ្លួននៅក្នុងការស៊ើបអង្កេតនោះទេ៕

ប្រែសម្រួលដោយ៖ នីតា


ព័ត៌មានទាក់ទង...