ព័ត៌មានជាតិ

រដ្ឋមន្ត្រីសាធារណការ អំពាវនាវម្ចាស់យានយន្តទាំងអស់ ត្រូវយករថយន្តមកឆៀកឱ្យបានទាន់ពេលវេលា ជៀសវាងការផាកពិន័យ

image

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវជាថ្មីម្តងទៀតដល់ម្ចាស់យានយន្តទាំងអស់ ត្រូវយករថយន្តមកឆៀកឱ្យបានទាន់ពេលវេលា ជៀសវាងបង្ករឱ្យមានគ្រោះថ្នាក់ចររាចរណ៍ និងជៀសវាងរងការផាកពិន័យផងដែរ។

ការអំពាវនាវនេះ បានធ្វើឡើងខណៈដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវមណ្ឌលឆៀក សាខាកំបូល ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ក្រសួងសាធារណការ បានផាកពិន័យយានយន្ត ដែលហួសសុពលភាពនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហៅកាត់ថា «ឆៀក» បានទឹកប្រាក់សរុបជិត ៣ពាន់លានរៀល ហើយបើគិតមកដល់ពេលនេះ ក៏នៅមានរថយន្តប្រហែលជា ៣៦០ពាន់គ្រឿងទៀត ដែលផុតសុពលភាព ហើយមិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនោះទេ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា “ក្នុងរយៈពេលដែលប្រជាពលរដ្ឋ យកយានយន្តទៅឆៀក ក៏បានរកឃើញយានយន្ត មិនចូលទៅឆៀក ឬហួសសុពលភាពឆៀកយូរឆ្នាំច្រើនផងដែរ ប៉ុន្តែក្រសួង បានបន្ធូបន្ថយប្រាក់ពិន័យ ដោយយល់ឃើញថា ប្រជាពលរដ្ឋបានប៉ះពាល់សេដ្ឋកិច្ចរួចទៅហើយ ដោយសារជំងឺរាតត្បាតកូវីដ១៩”។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ការរៀបចំធ្វើកន្លែងឆៀកឡានឱ្យបានច្រើនកន្លែងនេះ គឺជាការបង្ខិតសេវាឱ្យបានកាន់តែគៀកទៅកាន់ប្រជាពលរដ្ឋ និងជាកត្តាមួយដ៏សំខាន់ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយនូវបញ្ហាគ្រោះថ្នាក់ចររាចរណ៍ ដែលកើតមកពីកត្តាយានជំនិះដែលខុសលក្ខណៈបច្ចេកទេស ដែលជាក់ ស្តែងមានដូចជា ហ្វ្រាំងមិនស៊ី មិនមានភ្លើង ឫកង់មិនល្អជាដើម ដូចនេះការយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ គឺជាការួមចំណែកដ៏ សំខាន់មួយដើម្បីកាត់បន្ថយគ្រោះថ្នាក់ចររាចរណ៍ ដែលគិតមកដល់សព្វថ្ងៃនេះគ្រោះថ្នាក់ចររាចរណ៍នៅតែជាកង្វល់មួយដ៏ធំរបស់ប្រមុខថ្នាក់ដឹកនាំ។

យោងតាមរបាយការណ៍ពីអគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានឱ្យដឹងដែរថា សម្រាប់រយៈ ៣ខែនៃការចាប់ផ្តើមអនុវត្តច្បាប់ផាកពិន័យ លើរថយន្តដែលហួសសុពលភាពឆៀកនេះ មានរថយន្តប្រមាណជាង ៨ម៉ឺនគ្រឿង បានយកមកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបានរកឃើញរថយន្តដែលហួស សុពលភាព និងបានផាកពិន័យប្រមាណជិត ២ម៉ឺនគ្រឿង៕



ព័ត៌មានទាក់ទង...