សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបសិប្បកម្មផលិតបារី និងនំបុ័ងប្រេន ២កន្លែង សង្ស័យធ្វើអាជីវកម្មក្លែងក្លាយខុសច្បាប់
| សន្តិសុខសង្គម
SHARE


ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបសិប្បកម្មផលិតបារី និងសិប្បកម្មផលិតនំបុ័ងប្រេន ចំនួន ០២កន្លែងផ្សេងគ្នា របស់ជនជាតិចិន សង្ស័យធ្វើអាជីវកម្មផលិតផលិតផលក្លែងក្លាយខុសច្បាប់ ក្នុងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រតិបត្តិការបង្ក្រាប បានធ្វើឡើងរយៈពេល០២ថ្ងៃ ក្រោមការសម្របសម្រួលនីតិវីធីដោយលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
សមត្ថកិច្ចចុះបង្ក្រាបទីតាំងខាងលើបានឲ្យដឹងថា នៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែតុលា កម្លាំងចម្រុះ បានចុះទៅឆែកឆេរត្រួតពិនិត្យជាក់ស្តែងសិប្បកម្មផលិត

និងចែកចាយបារីមួយកន្លែងសង្ស័យផលិតបារីក្លែងក្លាយខុសច្បាប់ នៅចំណុចផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដែលមានតំណាងម្ចាស់ឈ្មោះ Huang Wenyan ភេទប្រុស អាយុ៤២ឆ្នាំ ដោយបានធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងផលិតផលសម្រាប់ផលិតបារីចំនួន១១ប្រភេទ សរុបចំនួន១០៤៨កេស មានទម្ងន់ប្រហែល២៥តោន និងបានរកឃើញវត្ថុតាងឧករណ៍សម្រាប់ផលិតបារី រួមមាន ៖ ម៉ាស៊ីនបោះពុម្ពពណ៌លើកញ្ចប់បារី ចំនួន០២គ្រឿង, ម៉ាស៊ីនកាត់ក្រដាសកន្ទុយស្នោចំនួន០២គ្រឿង, ម្សៅទឹកថ្នាំពណ៌សចំនួន២៥កេស, ម្សៅទឹកថ្នាំពណ៌ចម្រុះចំនួន៨០បាវ, ម៉ាស៊ីនកូរទឹកថ្នាំ០១គ្រឿង, ម៉ាស៊ីនពន្លាកន្ទុយបារី ១៣គ្រឿង និងទឹកថ្នាំសម្រាប់បោះពុម្ពកញ្ចប់បារី ១៤៤ធុង ។

ដោយឡែក កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះ ក៏បានចុះទៅឆែកឆេរត្រួតពិនិត្យសិប្បកម្មផលិតនំបុ័ង ០១កន្លែង នៅចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលមានម្ចាស់ឈ្មោះ CHEN GANG ភេទប្រុស អាយុ៣២ឆ្នាំ ។ សមត្ថកិច្ចចម្រុះពិនិត្យជាក់ស្តែងរកឃើញ វត្ថុតាងឧបករណ៍សម្ភារ និងវត្ថុធាតុដើមបម្រើឲ្យការផលិតនំបុ័ងសរុបចំនួន ១៦ប្រភេទ ស្មើនឹងទម្ងន់ជាង២២តោន ។

ក្រោយពីត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញរួចរាល់ឃើញថា សិប្បកម្មផលិតនំបុ័ងប្រេនខាងលើធ្វើអាជីវកម្មមិនត្រឹមត្រូវតាមច្បាប់ គឺគ្មានស្លាកយីហោ, គ្មានប្រកាសបង្កើតរោងសិប្បម្ម,ផលិតផលមិនទាន់យកទៅចុះបញ្ជីវិញ្ញាបនបត្រវិភាគគុណភាពហួសសុពលភាព, នៅលើសំបកវេចខ្ចប់ក្លែងអាសយដ្ឋាន, គ្មានវិញ្ញាបនបត្រចុះបញ្ជីម៉ាកផលិតផល, គ្មានវិញ្ញាបនបត្រដំណើរការសិប្បកម្ម ។

ការបង្ក្រាបសិប្បកម្មផលិតបារី និងផលិតនំបុ័ងប្រេនទាំង០២ខាងលើ ក្រោយពីសមត្ថកិច្ចចម្រុះពិនិត្យរួចហើយ អនុវត្តតាមបញ្ជារបស់លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានឃាត់ទុកវត្ថុតាងទាំងអស់ជាបណ្តោះអាសន្នដើម្បីអនុវត្តតាមវិធានការច្បាប់ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation