អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា មានអ្នកញុះញង់នៅពីក្រោយនៃការបោះរបងចាប់យកដីរដ្ឋ និងសង់ខ្ទមយ៉ាងអនាធិបតេយ្យ ឈានដល់បិទផ្លូវ
| សន្តិសុខសង្គម
SHARE

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានចលនានៃការចូលទៅបោះរបងចាប់យកដី និងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យនៅទីតាំងដីសម្បទានសង្គមកិច្ចរបស់រដ្ឋ ស្ថិតនៅក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវចុះធ្វើការទប់ស្កាត់ ដោយបានធ្វើការរុះរើខ្ទម និងបង្គោលរបងទាំងនោះចេញវិញ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ក្រុមប្រជាពលរដ្ឋ ដែលមានការដឹកនាំបញ្ជាពីមេខ្យល់ បានចេញធ្វើការតវ៉ា និងរារាំងការអនុវត្តការងាររបស់អាជ្ញាធរស្រុក ដែលជាមន្ត្រីរាជការសាធារណៈ ព្រមទាំងបាននាំគ្នាបិទផ្លូវ (វិថីសម្តេចសង្ឃរាជទេពវង្ស) ធ្វើឱ្យកកស្ទះមិនអាចធ្វើចរាចរណ៍បាន ដែលទង្វើនេះគឺជាការបំពានលើផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ។

ទន្ទឹមនឹងនោះរដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ចូលទៅចាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងចូលរួមក្នុងការប្រឆាំងតវ៉ា បិទផ្លូវសាធារណៈនោះ ឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីនៅតែបន្តធ្វើសកម្មភាព ដែលប្រាស់ចាកពីផ្លូវច្បាប់បន្តទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងនោះឡើយ។

អាជ្ញាធរខេត្តព្រះសីហនុបានលើកឡើងថា កន្លងមកមានករណីក្រុមមេខ្យល់បានបំផុសបំផុលប្រជាពលរដ្ឋឱ្យចូលទៅបោះរបង ចាប់យកដី និងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យនៅក្នុងទីតាំងខាងលើ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវ ចុះធ្វើការអប់រំណែនាំឱ្យប្រជាពលរដ្ឋទាំងនោះចាកចេញពីទីតាំងដីរបស់រដ្ឋ និងបានធ្វើការរុះរើខ្ទម និងបង្គោលរបងទាំងនោះចេញចំនួន៤លើករួចមកហើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation