ព័ត៌មានជាតិ

សម្តេចតេជោ អះអាងថា វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពល្អប្រសើរ  បើប្រៀបនិងប្រទេសមួយចំនួន នៅសម័យ Covid-19

image

អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី 

  ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ អះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនិងប្រទេសដ៏ទៃមួយចំនួន លើវិស័យហិរញ្ញវត្ថុ នៅសម័យ Covid-19។ 

  មានប្រសាសន៍ នៅក្នុងឱកាសអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី  នាវិមានសន្តិភាព, សម្តេចបានបន្ថែមថា កម្ពុជា មិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។ នេះបើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រាប់អ្នកសារព័ត៌មានឲ្យដឹង តាមរយៈប្រព័ន្ធ Telegram។

  សម្តេចបានបញ្ជាក់ថា កម្ពុជានៅតែមានសកម្មភាពដ៏សកម្ម ក្នុងកិច្ចបញ្ចេញសាច់ប្រាក់ គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម។ មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទាន ក៏មានសកម្មភាពរស់រវើក ដូចជាការសង្រ្គោះជនក្រីក្រ និងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូច នៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19 ។ រីឯការចំណាយចរន្ត ដូចជាប្រាក់បៀវត្សមន្រ្តីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការទទួលបានបៀរវត្សពីរដងក្នុងមួយខែ។

  សូមជម្រាបថា  កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រនេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន  បានធ្វើឡើងដើម្បីពិភាក្សា និងឆ្លងលើរៀបវារៈដូចខាងក្រោម៖

  ១-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣។

  ២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី ២០១៩-២០២៣។

  ៣-បញ្ហាៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖

  ៣.១-សេចក្តីព្រាងស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

  ៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖

  ១-ពិធីសារទី៣ ស្តីពីសហការជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ។

  ២-ពិធីសារ៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights)រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។

  ៣.៣-សេចក្តីព្រាងច្បាប់ស្តីពីការយល់ព្រមលើ ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩និងទី១០នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីសេវាកម្ម។

  ៣.៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ៕