ព័ត៌មានជាតិ

អាជីករចិញ្ចឹមត្រីសមុទ្រ ត្អូញត្អែរពិបាករកទីផ្សារ​នាំត្រីចេញទៅក្រៅប្រទេស ដោយសារវិបត្តិកូវីដ-១៩

image

​អត្ថបទ៖ ប៉ៃ សុឃីម

ព្រះសីហនុ៖ បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមត្រីសមុទ្រ បានលើកឡើងថានាពេលបច្ចុប្បន្ននេះដោយសារតែជំងឺកូវីដ-១៩ធ្វើឱ្យ ពួកគាត់ពិបាករកទីផ្សារក្នុងការនាំត្រីទៅក្រៅប្រទេស ដូចនេះពួកគាត់លក់នៅទីផ្សារក្នុងស្រុកដែលមានតម្លៃទាបជាងការនាំចេញ​ និងធ្វើឱ្យ​សេដ្ឋកិច្ចគ្រួសារ​ធ្លាក់ចុះជាបន្តបន្ទាប់។

លោកស្រី បូ ណា និងលោក សុខ វណ្ណៈ ដែលជាមេការអ្នកចិញ្ចឹមត្រី នៅតំបន់ទំនប់រលកស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុបានឱ្យCNCដឹងថា ថៅកែរបស់ពួកគាត់បានជួបផលលំបាកច្រើន នាពេលបច្ចុប្បន្នគឺសេដ្ឋកិច្ចធ្លាក់ចុះដោយសារតែជំងឺកូវីដ-១៩ ហើយផលនេសាទដែលចិញ្ចឹមបានពិបាករកទីផ្សារជាពិសេសទីផ្សារនាំចេញទៅក្រៅប្រទេស ដោយបច្ចុប្បន្នពួកគាត់លក់បានតែនៅលើទីផ្សារក្នុងស្រុក តែប៉ុណ្ណោះ។

ទន្ទឹមនឹងនោះដោយសារតែអាកាសធាតុនៅខេត្តព្រះសីហនុមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាធ្វើឱ្យទឹក ហូរនាំនូវសារធាតុពុលពីដីគោកចូលទៅក្នុងសមុទ្របណ្ដាលឱ្យត្រីរបស់ពួកគាត់មានជំងឺ និងងាប់ទៀតផង។ ហេតុដូចនេះហើយទើបបង្ខំឱ្យអ្នកចិញ្ចឹម ផ្អាក ដាក់កូនត្រីចិញ្ចឹមជាបណ្ដើរៗ ក្នុងនោះពួកគាត់ក៏បានលើកឡើងថា ត្រីដែលលក់នៅលើទីផ្សារក្នុងស្រុក មានតម្លៃចាប់ពី ៥ ដុល្លារ ៨ ដុល្លារនិងជាង ២០ ដុល្លារទៅតាមប្រភេទត្រី។

លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះនៅរដូវវស្សា ផលនេសាទមានការកើនឡើងជាងនៅរដូវប្រាំង ហើយវារីវប្បកម្មចិញ្ចឹមត្រីទឹកប្រៃ ក្នុងរយៈពេល ៩ ខែ មាន ចំនួន ៥២៦ តោន។ រីឯផលនេសាទសមុទ្រ មានចំនួន ៣៥.៦៥០តោន។ វារីវប្បកម្មចិញ្ចឹមត្រីទឹកសាប មានចំនួន ៤១៨ តោនក្នុងរយៈពេល ៩ ខែ និងផលនេសាទ ទឹកសាប ចិញ្ចឹមតាមវាលស្រែមានចំនួន ៤០២ ដោន និងមានបែចិញ្ចឹមត្រី សមុទ្រសរុប ចំនួន ១.៧៦៧បែ។

ក្នុងនោះប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមត្រីនៅក្នុង តំបន់ទំនប់រលក មានចំនួន ៦ទីតាំង មានបែជាង ៣០០ ដោយពួកគាត់ចិញ្ចឹមប្រភេទត្រីតឹកកែ ត្រីឆ្ពង់ ត្រីផ្ទក់សមុទ្រ ត្រីចាប និងត្រីអាំងកឺយ ព្រោះប្រភេទត្រីទាំងអស់នេះមានតម្លៃខ្ពស់នៅលើទីផ្សារ នៅក្នុងស្រុកនិងការនាំចេញ។

ទន្ទឹមនឹងនោះលោកប្រធានរដ្ឋបាលជលផលក៏បានលើកឡើងបន្ថែមថានាពេលបច្ចុប្បន្នរដ្ឋបាលជលផលបានផ្សព្វផ្សាយ និងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមត្រីទាំងទឹកសាប និងទឹកប្រៃបង្កើន ការចិញ្ចឹមវារីវប្បកម្មដើម្បីបង្កើនជីវភាពនៅក្នុងគ្រួសារ ដោយសារតែជំងឺកូវីដ-១៩ មិនទាន់បានធូរស្បើយ ដូចនេះហើយទើប មន្ត្រីជំនាញចុះ ទៅដល់មូលដ្ឋាន កន្លែងចិញ្ចឹមដើម្បីផ្ដល់បទពិសោធក្នុងការចិញ្ចឹមដល់ពួកគាត់ផងដែរ៕