ព័ត៌មានអន្តរជាតិ

លោក ត្រាំ ត្រៀមរួចជាស្រេចក្នុងការបន្តយុទ្ធនាការឃោសនាបោះឆ្នោតក្រោយជាពីជំងឺកូវីដ១៩

image

ស.រ.អ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃអាទិត្យថាលោកបានជាសះស្បើយពីជំងឺកូវីដ១៩មួយរយភាគរយហើយ ហើយមិនមានហានិភ័យក្នុងការចម្លងជំងឺនេះទៅអ្នកដទៃឡើយដោយធ្វើឲ្យលោកអាចត្រឡប់ទៅចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតបាន។

លោក ត្រាំ បានលើកឡើងបែបនេះក្នុងរយៈពេលមួយថ្ងៃក្រោយពីវេជ្ជបណ្ឌិតរបស់លោកបាននិយាយថាលោកមិនមានជំងឺកូវីដ១៩ទៀតទេ ប៉ុន្តែមិនបានបញ្ជាក់ប្រាប់នោះទេថាតើលោក ត្រាំ បានធ្វើតេស្តិ៍អវិជ្ជមានជំងឺកូវីដ១៩ឬក៏អត់។

លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថា «លោកឈប់ប្រើថ្នាំដើម្បីព្យាបាលជំងឺកូវីដ១៩ហើយ ហើយលោកមានភាពស៊ាំនឹងជំងឺនេះ។»

ក្រោយពីអវត្តមានរយៈពេលជាងមួយសប្តាហ៍, លោក ត្រាំ គ្រោងធ្វើដំណើរទៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋផ្លរីដា (Florida) នៅថ្ងៃចន្ទនេះ ហើយនឹងបន្តដំណើរទៅរដ្ឋផេនស៊ីលវ៉ានៀ (Pennsylvania) នៅថ្ងៃអង្គារ និងរដ្ឋអាយអូវ៉ា (Iowa) នៅថ្ងៃពុធ ខណៈដែលការបោះឆ្នោតប្រធានាធិបតីអាមេរិកកាន់តែខិតជិតមកដល់ហើយ។

កាលពីថ្ងៃសៅរ៍លោក ត្រាំ បានជួបថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្ររាប់រយនាក់នៅឯសេតវិមានជាលើកដំបូងក្រោយពីលោកបានត្រឡប់មកពីព្យាបាលជំងឺកូវីដ១៩ដែលក្នុងអំឡុងព្រឹត្តិការណ៍នោះលោកមិនបានពាក់ម៉ាស់មុខឡើយ រីឯក្រុមអ្នកគាំទ្រក៏មិនបានអនុវត្តវិធានការរក្សាគម្លាតពីគ្នាផងដែរ៕
ប្រែសម្រួល៖ នីតា


ព័ត៌មានទាក់ទង...