ព័ត៌មានជាតិ

ថៅកែស្រី ប្រើវែកសម្លវាយធ្វើបាបឈ្នួលបម្រើជាអនីតិជន ជាច្រើនលើកច្រើនសារ ត្រូវសមត្ថកិច្ចចាប់ខ្លួន 

image

កណ្តាល៖ មានករណីអំពើហិង្សាមួយ ដោយថៅកែស្រីប្រើវែកសម្លវាយធ្វើបាបឈ្នួលបម្រើជាអនីតិជនច្រើនលើកច្រើនសារ តែចុងក្រោយត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួន និងបានបញ្ជូនថៅកែស្រីរូបនោះទៅតុលាការខេត្តកណ្តាលហើយ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះ ដាំង រស្មី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាមេផ្ទះ។ ចំណែកជនរងគ្រោះឈ្មោះ ផាត សុរីន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បម្រើនៅតាមផ្ទះ មានស្រុកកំណើតនៅភូមិ អូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ បច្ចុប្បន្នស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មីងបង្កើតរបស់ជនរងគ្រោះឈ្មោះ សុខ ស្រី មុំ បាននាំជនរងគ្រោះទៅធ្វើការជាអ្នកបម្រើនៅផ្ទះរបស់ជនសង្ស័យឈ្មោះ ដាំង រស្មី ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ពេលដែលជនរងគ្រោះទៅធ្វើការជាអ្នកបម្រើនៅផ្ទះ ថៅកែស្រី ឈ្មោះ ដាំង រស្មី តែងតែប្រើអំពើឃោរឃៅ វាយដំលើជនរងគ្រោះរហូត ដោយយកវែកសម្លមកវាយក្បាល វាយមុខ បណ្តាលឱ្យបែកហូរឈាម ពេលខ្លះទៀតបានយកកាំបិតប៉័ងតោ វាយក្បាល និងដាច់មុខ បណ្តាលឱ្យបែកហូរឈាមជាច្រើនលើកច្រើនសារ ហើយមិនបាននាំនាងទៅពេទ្យ ឬទិញថ្នាំឱ្យនាងលេបទេ ថែមទាំងបង្ខំនាងធ្វើការងារផ្ទះ ទោះបីជានាង ឈឺចាប់ក៏ដោយ។

ជនរងគ្រោះបានរៀបរាប់ឱ្យដឹងថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ថៅកែស្រីបានប្រើឱ្យយកកូនចានបបរ ស្លាបព្រា និងកែវមកឱ្យតែយកមិនទាន់ចិត្តត្រូវបានថៅកែស្រីយកវែកសម្លវាយបែកចិញ្ចើមខាងស្តាំហូរឈាម។ ភ្លាមពេលនោះនាងបានដើរចូលទៅក្នុងបន្ទប់ យកអាវមកទប់ឈាមកុំឱ្យហូរ។ លុះស្អែកឡើងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ថៅកែស្រីបានប្រើនាងអាំងត្រី និងមើលសម្លដែលថៅកែស្រីរបស់នាងឱ្យមើល ដោយសារតែនាងអាំងត្រីមិនឆ្អិនល្អ ថៅកែស្រីរបស់នាង បានយកវែកវាយចំចិញ្ចើម មុខខាងឆ្វេង បណ្តាលឱ្យបែកហូរឈាម ចំពីលើស្នាមកាំបិតចាស់ដែលថៅកែនាងធ្លាប់វាយ ហើយពេលនោះថៅកែស្រីនាង បានប្រើឱ្យនាងទៅទិញទឹកត្រី ទើបនាងមានឱកាសក៏បានរត់ចេញហើយហៅម៉ូតូឌុបជិះឱ្យជូនទៅស្ថានីយវិទ្យុ ABC នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញឱ្យជួយប្រាប់ទៅម្តាយនាង។

ពេលនោះកម្លាំងជំនាញក៏បានស្តាប់ឭក៏បានសហការជាមួយនគរបាលក្រុងតាខ្មៅ ព្រមទាំងបានសហការជាមួយលោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្តាល និងការិយាល័យសង្គមកិច្ចក្រុង និងមន្ត្រីជំនាញមន្ទីរសង្គមកិច្ច បានចុះទៅដល់កន្លែងស្ថានីយវិទ្យុ ABC និងបាននាំនាងដាក់ពាក្យបណ្តឹងព្រមទាំងនាំនាងទៅកាន់មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ធ្វើការសម្ភាសន៍សាកសួរជនរងគ្រោះ ហើយបាននាំជនរងគ្រោះទៅពិនិត្យរបួលស្នាម លើរាងកាយ និងការពិនិត្យផ្លូវភេទ។ លុះក្រោយមកសមត្ថកិច្ចក៏តាមឃាត់ខ្លួនថៅកែស្រីរូបនេះបានតែម្តង និងបញ្ជូនទៅតុលាការ៕

ព័ត៌មានទាក់ទង...