ព័ត៌មានជាតិ

ពលរដ្ឋជាង៥០០គ្រួសារក្នុងសង្កាត់ចំនួន៤ ក្នុងខណ្ឌដង្កោ អាជ្ញាធរបានជម្លៀសទៅទីទួលមានសុវត្ថិភាព

image

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំបញ្ជាផ្ទាល់ និងរៀបចំផែនការជម្លៀសប្រជាពលរដ្ឋចេញពីកន្លែងជន់លិចតាមដងស្ទឹងព្រែកត្នោត នៃខណ្ឌដង្កោ ដោយមានប្រជាពលរដ្ឋជាង ៥០០គ្រួសារ ក្នុងសង្កាត់ចំនួន ៤ ដែលបានទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវលេខ២០A ដែលស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ និងឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០។

លោក ឃួង ស្រេង បានបញ្ជាក់ថា កម្លាំងរាជធានីភ្នំពេញ រួមនឹងកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងជាស្រេចដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងនោះមានអូប័រ ២០ ទៅ៣០គ្រឿង ព្រមទាំងរថយន្តធុនធំសម្រាប់ដឹកជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ។ ក្នុងអំឡុងពេលនោះ ក៏មានស្ត្រីម្នាក់មានផ្ទៃពោះ និងស្ត្រីកូនខ្ចី ព្រមទាំងប្រជាពលរដ្ឋរស់នៅភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ ត្រូវបានចុះជួយសង្គ្រោះបញ្ជូនទៅកាន់ទីទួលសុវតិ្ថភាពបានដោយជោគជ័យ។

សូមបញ្ជាក់ថា ខណៈអាជ្ញាធរជម្លៀសពលរដ្ឋទៅទីទួលមានសុវត្ថិភាពនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញបិទកំណាត់ផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន នៅម៉ោងប្រមាណ១១យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើងដោយសារទឹកជំនន់។

ស្ថានភាពទឹកជន់តាមសណ្ដស្ទឹងព្រែកត្នោតបានធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ហើយនៅសង្កាត់រលួសស្ថិតនៅតាមបណ្តោយផ្លូវជាតិលខ២១ក៏កំពុងរងការលិចលង់ផងដែរ៕
ដោយ៖ គង់ ប៊ុនណា


ព័ត៌មានទាក់ទង...