ព័ត៌មានអន្តរជាតិ

ចិននិងរុស្ស៊ីជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ

image

អ.ស.ប៖ កាលពីថ្ងៃអង្គារ ប្រទេសចិននិងរុស្ស៊ីបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ៣ឆ្នាំ ប៉ុន្តែសំឡេងឆ្នោតគាំទ្រសម្រាប់ប្រទេសចិនបានធ្លាក់ចុះជាង២០%បើធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០១៦ ហើយប្រទេសអារ៉ាប៊ីសាអូឌីតបានទទួលបរាជ័យ។

មហាសន្និបាតអង្គការសហប្រជាជាតិក៏បានបោះឆ្នោតឲ្យប្រទេសកូតឌីវ័រ, ហ្គាបុង, ម៉ាឡាវី, គុយបា, បូលីវី, អ៊ូសបេគីស្ថាន, បារាំង និងអង់គ្លេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមានសមាជិកសរុប៤៧ប្រទេសនោះផងដែរ។

ប្រទេសអារ៉ាប៊ីសាអូឌីតបានទទួលសំឡេងគាំទ្រ១៥២សំឡេងនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៦ដោយក្លាយជាសមាជិកចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៩ ប៉ុន្តែកាលពីថ្ងៃអង្គារ អារ៉ាប៊ីសាអូឌីតទទួលបានសំឡេងឆ្នោតត្រឹមតែ៩០សំឡេងប៉ុណ្ណោះពោលគឺធ្លាក់ចុះ៤០%។

គួរបញ្ជាក់ថា ទាំងប្រទេសចិននិងរុស្ស៊ីត្រូវបានមជ្ឈដ្ឋានអន្តរជាតិរិះគន់ចំពោះបញ្ហាសិទ្ធិមនុស្សជារឿយៗ។ កាលពីពេលថ្មីៗនេះចិនត្រូវបានបណ្តាប្រទេសលោកខាងលិចថ្កោលទោសចំពោះការប្រព្រឹត្តទៅលើជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រនៅក្នុងតំបន់ស៊ីនជាំង និងដំណោះស្រាយក្នុងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុងដែលគ្រប់គ្រងដោយចិន៕

ប្រែសម្រួល៖ នីតា


ព័ត៌មានទាក់ទង...