ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ បញ្ចេញស្បៀងសង្គ្រោះបន្ទាន់ជិត ២០០តោន ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ស្ទឹងពោធិ៍សាត់

image

អត្ថបទ៖ សេង ប៊ុនធឿន 

ពោធិ៍សាត់៖ ក្នុងស្ថានភាព ដែលប្រជាពលរដ្ឋរាប់ពាន់គ្រួសារ បាននិងកំពុងរងគ្រោះ ដោយទឹកជំនន់ស្ទឹងពោធិ៍សាត់ ដែលទទួលឥទ្ធិពលទឹកភ្លៀងពីជួរភ្នំក្រវាញនាពេលកន្លងមក បានធ្វើឲ្យស្រុកចំនួន៣ និងក្រុង១ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងនោះ មានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ដែលបណ្តាលឲ្យលេចលង់លំនៅឋាន ស្រែចម្ការដំណាំ និងផ្លូវថ្នល់ជាដើម។

បើតាមការឲ្យដឹងពីក្រុមការងាររដ្ឋបាលខេត្តពោធិ៍សាត់ គិតមកដល់ថ្ងៃទី១៤ តុលានេះ ដើម្បីជួយសង្គ្រោះបងប្អូនក្នុងគ្រាដ៏សែនលំបាក រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ចេញស្បៀងជិត ២០០តោន និងគ្រឿងបរិភោគមួយចំនួនធំ ចែកជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ដែលបាននិងកំពុងទទួលរងគ្រោះដោយគ្រោះធម្មជាតិ។ ក្នងកាលៈទេសៈ ដែលប្រជាពលរដ្ឋ ជួបការលំបាកនេះ រដ្ឋបាលសាលាខេត្ត ក៏បានទទួលអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ និងថវិកាពីសប្បុរសជននានាក្នុង និងក្រៅខេត្តផងដែរ។

ចំពោះអាកាសធាតុ នៅថ្ងៃទី ១៤នេះ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានឲ្យដឹងថា កម្ពស់ទឹកស្ទឹងនៅក្រុងពោធិ៍សាត់ ៥.២៧ ម៉ែត្រ គឺស្រកចុះជិត ២តឹក បើប្រៀធៀបថ្ងៃទី ១៣ ម្សិលមិញ (កម្រិតប្រកាសអាសន្ន ៥.០០ម៉ែត្រ) ស្ទឹងក្រវាញ ៤.០១ម៉ែត្រ គឺស្រកចុះជាង ១ម៉ែត្រកន្លះ បើប្រៀបធៀបថ្ងៃទី១៣ ម្សិលមិញ (កម្រិតប្រកាសអាសន្ន ៦.០០ម៉ែត្រ) ស្ទឹងវាលវែង ១.៤៤ ម៉ែត្រ គឺស្រុកចុះជាង ៨តឹក បើប្រៀបធៀប ថ្ងៃទី១៣ម្សិលមិញ (កម្រិតប្រកាសអាសន្ន ១០.០០ម៉ែត្រ។

សរុបរួម ចាប់ពីថ្ងៃទី ១០ ដល់ ទី១៤ ខែតុលានេះ កម្ពស់ទឹកនៅស្ទឹងវាលវែងស្រកចុះជាង ២ម៉ែត្រកន្លះ កម្ពស់ទឹកនៅស្ទឹងក្រវាញស្រកចុះជាង ៣ម៉ែត្រ កម្ពស់ទឹកនៅក្រុងពោធិ៍សាត់ស្រកចុះជាង២ តឹក កន្លះ។

លោក ម៉ៅ ធនិន អភិបាលខេត្ត បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្នជានិច្ច ដរាបណា ស្ថានភាពអាកាសធាតុ វិលត្រឡប់ទៅរកភាពប្រក្រតីវិញ ពីព្រោះកម្ពស់ទឹកស្ទឹងនៅក្រុងពោធិ៍សាត់ មកដល់ថ្ងៃទី ១៤នេះ ស្ថិតកម្រិតប្រកាសអាសន្ននៅឡើយ៕

ព័ត៌មានទាក់ទង...