ព័ត៌មានជាតិ

ខែកញ្ញា​ ឆ្នាំ២០២០នេះត្រូវបានប្រកាសថាជាខែដែលក្ដៅបំផុតនៅលេីផែនដី

image


អាមេរិក៖យោងតាមក្រុមអ្នកវិទ្យាសាស្ត្រនៅឯរដ្ឋបាលមហាសមុទ្រ​ និងបរិយាកាសជាតិរបស់អាមេរិក​ សីតុណ្ហភាពកេីនឡេីងខ្ពស់នៅជុំវិញពិភពលោកបានធ្វើឱ្យខែកញ្ញា​ ឆ្នាំ២០២០នេះក្លាយជាខែកញ្ញាដែលក្តៅបំផុតគិតចាប់តាំងពីមនុស្សចេះចាប់ផ្ដេីមកត់ត្រាសីតុណ្ហភាពក្នុងឆ្នាំ១៨៨០មក។
សីតុណ្ហភាពក្នុងខែកញ្ញា​ ឆ្នាំ២០២០នេះ​ក្ដៅជាងសីតុណ្ហភាពក្នុងខែកញ្ញាឆ្នាំមុន​ចំនួន០,០៥អង្សារសេ​ ដែលនេះបានធ្វេីឲ្យក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា​ «វាជាការបង្ហាញយ៉ាងច្បាស់អំពីការឡេីងកម្ដៅជាសកលដែលត្រូវបានជំរុញដោយការបំភាយឧស្ម័នកាបូនិចពីសង្គមមនុស្ស»។
ឆ្នាំនេះក៏ត្រូវបានគេព្យាករថា​ នឹងក្លាយជាឆ្នាំដែលក្ដៅបំផុតសម្រាប់អឺរ៉ុបដែរ​ បើទោះបីជាសីតុណ្ហភាពចុះត្រជាក់បន្តិចចាប់ពីពេលនេះក៏ដោយ។
ក្រុមអ្នកឯកទេសខាងអាកាសធាតុនៅឯរដ្ឋបាលមហាសមុទ្រ​ និងបរិយាកាសជាតិរបស់អាមេរិក​បាននិយាយថា​ សីតុណ្ហភាពខ្ពស់ខុសពីធម្មតានៅតំបន់ស៊ីបេរី,​ នៅមជ្ឈិមបូព៌ា​ និងនៅផ្នែកខ្លះនៃតំបន់អាមេរិកខាងត្បូងក្នុងខែកញ្ញាក៏រួមចំណែកធ្វេីឲ្យឆ្នាំ២០២០ក្លាយជាឆ្នាំដែលក្តៅគួរឱ្យកត់សម្គាល់ផងដែរ។
ក្រុមអ្នកវិទ្យាសាស្ត្រក៏បាននិយាយដែរថា​ សីតុណ្ហភាពឡេីងខ្ពស់នៅឆ្នាំនេះបានដើរតួយ៉ាងសំខាន់ក្នុងគ្រោះមហន្តរាយធម្មជាតិរាប់ចាប់តាំងពីភ្លេីងឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​ និងតំបន់អាក់ទិ​ក រ​ហូតដល់ទឹកជំនន់នៅតំបន់អាស៊ី៕

ព័ត៌មានទាក់ទង...