ព័ត៌មានអន្តរជាតិ

បេក្ខជនអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា  ហារីស  ផ្អាកការធ្វើដំណើរទៅឃោសនាបោះឆ្នោតបន្ទាប់ពីបុគ្គលិក២នាក់បានឆ្លងវីរុសកូវីដ១៩

image

អាមេរិក៖បេក្ខជនអនុប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ  លោកស្រី ខាម៉ាឡា  ហារីស  (Kamala Harris) នឹងផ្អាកការធ្វើដំណើរទៅឃោសនាស្វែងរកសំឡេងឆ្នោតរហូតដល់ថ្ងៃចន្ទបន្ទាប់ពីបុគ្គលិក២នាក់នៅក្នុងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីបានឆ្លងវីរុសកូវីដ១៩។ 

ក្រុមមន្ត្រីយុទ្ធនាការឃោសនាបោះឆ្នោតបាននិយាយថា  នាយកផ្នែកទំនាក់ទំនងរបស់  លោកស្រី  ហារីស  និងបុគ្គលិកបម្រេីការលេីយន្តហោះម្នាក់បានធ្វេីតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩កាលពីថ្ងៃពុធ។ 

ប៉ុន្តែមនុស្សទាំង២នាក់នោះមិនបានប៉ះពាល់  លោកស្រី  ហារីស  ឬបេក្ខជនប្រធានាធិបតី  លោក  ចូ  បៃដិន  (Joe Biden) ទេក្នុងរយៈពេល៤៨ម៉ោងមុនពួកគេត្រូវបានរកឃេីញថាមានផ្ទុកវីរុសកូវីដ១៩។ 

ប្រធានក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់  លោក បៃដិន  បាននិយាយថា  ដោយសារ  លោកស្រី  ហារីស  និង  លោក  បៃដិន  មិនបានប៉ះពាល់ជាមួយបុគ្គលិកទាំង២នាក់នោះក្នុងរយៈពេល២ថ្ងៃមុនធ្វេីតេស្តិ៍វិជ្ជមានវីរុសនេះ  ដូច្នេះហេីយក្រុមវេជ្ជបណ្ឌិត  «មិនតម្រូវឲ្យពួកគេទាំង២នាក់នៅដាច់ដោយឡែកពីគេទេ»។  

គួរកត់សម្គាល់ថា  យុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតរបស់  លោក  បៃដិន  បានសង្កត់ធ្ងន់លើសុវត្ថិភាពផ្នែកសុខភាពដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រនយោបាយរបស់ខ្លួនក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបង្ហាញពីចំណុចផ្ទុយគ្នាជាមួយប្រធានាធិបតី ត្រាំ។ 

សហការីមួយចំនួនរបស់គណបក្សសាធារណរដ្ឋ  និងសេតវិមាន  រួមនិង  លោក ត្រាំ ផ្ទាល់បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕