
សហភាពអឺរ៉ុប និងអង់គ្លេស ដាក់ទណ្ឌកម្មក្រុមមន្ត្រីរុស្ស៊ីពាក់ព័ន្ធការបំពុលមេដឹកនាំប្រឆាំងរុស្ស៊ី

អឺរ៉ុប៖សហភាពអ៊ឺរ៉ុប និងអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើក្រុមមន្ត្រីកំពូលៗរបស់រុស្ស៊ីដែលស្និទ្ធនឹងប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ដេីម្បីឆ្លើយតបចំពោះការបំពុលមេដឹកនាំប្រឆាំងក្នុងប្រទេសរុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាល់នី (Alexei Navalny) កាលពីខែសីហា។
ត្រូវបានជំរុញដោយប្រទេស បារាំង និងអាល្លឺម៉ង់ជាកន្លែងដែល លោក ណាវ៉ាល់នី បានទទួលការព្យាបាលបន្ទាប់ពីបានធ្លាក់ខ្លួនឈឺក្នុងអំឡុងពេលជិះយន្តហោះក្នុងស្រុកមួយក្នុងប្រទេសរុស្ស៊ី, សហភាពអឺរ៉ុប និងអង់គ្លេសបានកំណត់គោលដៅដាក់ទណ្ឌកម្មទៅលើក្រុមមន្ត្រីកំពូលៗរបស់រុស្ស៊ីចំនួន៦នាក់ និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្ររបស់រុស្ស៊ីដែលត្រូវបានចោទប្រកាន់ថាបានប្រេីប្រាស់សារធាតុគីមីដែលគេហាមឃាត់ទៅបំពុល លោក ណាវ៉ាល់នី អាយុ៤៤ឆ្នាំដែលជាអ្នកនយោបាយបក្សប្រឆាំង។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបថា «សហភាពអឺរ៉ុបនៅតែប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រេីប្រាស់អាវុធគីមី» ហេីយលោកក៏បានអំពាវនាវឱ្យមានការពិភាក្សាជាមួយទីក្រុងម៉ូស្គូផងដែរ។
វិមានក្រឹមឡាំងបានថ្កោលទោសការដាក់ទណ្ឌកម្មនេះដោយបានប្រកាសថានោះជាវិធានការធ្វេីឡេីងដោយចេតនា និងបែបអមិត្តប្រឆាំងនឹងទីក្រុងម៉ូស្គូ និងបានសន្យាសងសឹកវិញ។
សហភាពអឺរ៉ុបលេីកនេះបានកំណត់គោលដៅដាក់ទណ្ឌកម្មទៅលេីក្រុមមន្ត្រីរុស្ស៊ីតែម្ដងដែលខ្លួនជឿថាបានរៀបចំផែនការ និងជួយគាំទ្រការវាយប្រហារដោយការបំពុលនេះ ដែលនេះគឺខុសពីករណីបំពុលអតីតចារកម្មរុស្ស៊ីនៅអង់គ្លេសក្នុងឆ្នាំ២០១៨ដែលនៅពេលនោះសហភាពអឺរ៉ុបបានចំណាយពេលជិតមួយឆ្នាំទម្រាំសម្រេចចិត្តដាក់ទណ្ឌកម្មក្រុមភ្នាក់ងារស៊ើបការណ៍យោធារបស់រុស្ស៊ី៕
