ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន នាំយកអំណោយចែកជូនពលរដ្ឋប្រមាណ ៧០០នាក់ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោ

image

អត្ថបទ៖ វង សុភ័ក្ត្រ 

ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋប្រមាណ ៧០០នាក់ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង ហើយបានប្រមូលផ្តុំគ្នានៅក្នុងវត្តទ័ពចំបក់មាស សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។  

ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានផ្តាំផ្ញើជូនប្រជាពលរដ្ឋ ប្រកាន់ភ្ជាប់នូវអនាម័យ និងថែរក្សាសុខភាព និងប្រុងប្រយ័ត្នចំពោះសត្វអសិរពឹស ពេលទឹកជំនន់ និងបន្តរក្សាអនាម័យនូវពេលទឹកស្រកវិញ។ លោកស្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវជួសជុល និងកសាងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតឡើងវិញ ពេលទឹកស្រក ព្រមទាំងរក្សាអនាម័យសុខភាព និងការផ្តល់ជូនទឹកស្អាត ដល់ប្រជាពលរដ្ឋដែលខ្វះខាតទៀតផង។

លោកស្រីឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីការបរិច្ចាគរបស់លោកស្រី និងមន្ត្រីក្នុងក្រសួង រួមទាំងសមាជិកសភាមួយចំនួននៅមណ្ឌលភ្នំពេញ និងសប្បុរសជននានា ដើម្បីចែកប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ អំណោយដែលចែកជូនប្រជាពលរដ្ឋនៅសង្កាត់ទៀន ខណ្ឌដង្កោ រួមមាន៖ អង្ករ១៥ គីឡូក្រាម ទឹកដោះគោ ៥កំប៉ុង ត្រីខ ១យួរ ទឹកសុទ្ធ១កេស និងថវិកាចំនួន ១០ម៉ឺនរៀល។

គួរបញ្ជាក់ថា លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានសន្យាបន្តជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នេះ នៅពេលទឹកស្រកទៅវិញផងដែរ ដែលជាការអនុវត្ត និងគោរពតាមអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕