សូមប្រយ័ត្ន! ទឹកហូរធ្លាក់ពីថៃ ចាប់ផ្តើមជន់លិចស្រុកថ្មពួក ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ 
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ទឹកចាប់ផ្តើមជន់លិចនៅផ្នែកខ្លះក្នុងស្រុកថ្មពួក ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែតហើយ។ 

ថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទឹកដែលជន់លិចនៅផ្នែកខ្លះក្នុងក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅនេះ គឺជាបរិមាណទឹកភ្លៀងនៅក្នុងប្រទេសផង និងទឹកខ្លះហូរធ្លាក់មកពីខាងប្រទេសថៃ។

បើតាមលោក អ៊ុំ រាត្រី ទឹកដែលហូរមកពីប្រទេសថៃនេះ មិនមែនជាការបើកទំនប់នោះទេ គឺជាទឹកបរិមាណទឹកភ្លៀងដែលហូរហៀរធ្លាក់មក។ ដោយឡែកទំនប់នៅក្នុងខេត្តស្រះកែវ ដែលថៃធ្លាប់ជូនដំណឹងថាបើកនោះ មិនទាន់បើកនៅឡើយទេ។

បើតាមលោក អ៊ុំ រាត្រី ប្រជាពលរដ្ឋនៅប៉ោយប៉ែតប្រមាណ ៥០គ្រួសារហើយ ត្រូវបានជម្លៀសពីលំនៅឋាន។ ទន្ទឹមនឹងប្រជាពលរដ្ឋប្រឈមការលិចលង់ដទៃទៀត ក៏ត្រូវបានជូនដំណឹងឱ្យត្រៀមលក្ខណៈក្នុងការជម្លៀស ខណៈកងកម្លាំងត្រូវបានណែនាំត្រៀមលក្ខណៈជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយដែលកំពុងរងការលិចលង់ធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀងផងដែរ។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ បានជន់លិចក្រុង/ស្រុក ចំនួន៩ និងឃុំ/សង្កាត់ចំនួន៤៩ ហើយធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ហើយប្រជាពលរដ្ឋជាង ២ពាន់គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។

គិតត្រឹមថ្ងៃទី១៧ ខែតុលា ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ១២នាក់ បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់។ ដើម្បីដោះស្រាយការលំបាកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែតុលា នេះ ក៏បានសម្រេចបន្ថែមកញ្ចប់ថវិកាចំនួន ១០ម៉ឺនដុល្លារបន្ថែមទៀតទៅកាន់ខេត្តជាប់ព្រំដែនថៃមួយនេះ។ មកដល់ពេលនេះខេត្តបន្ទាយមានជ័យទទួលបានថវិកាពីសម្តេចតេជោ ២០ម៉ឺនដុល្លារហើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation