សមាគម TYDA  ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ ១,៣០០គ្រួសារ នៅក្នុងខេត្តពោធិ៍សាត់
| ព័ត៌មានជាតិ
SHARE

ពោធិ៍សាត់៖ ដោយមើលឃើញនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែតុលានេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌ជាច្រើន ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១,៣០០ គ្រួសារ មកពី៨ឃុំ ស្ថិតនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយក្នុងនោះចែកចេញជា៣ទីតាំង ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគ្នាក្នុងគ្រាមានអាសន្ន ។ 

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំប្រសាសន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយទាំងអស់ ដែលបាននាំយកអំណោយទាំងនេះ មកឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។ 

ទាក់ទងនឹងគ្រោះទឹកជំនន់ដែលកំពុងយាយីនាពេលបច្ចុប្បន្ននេះ លោកស្រីបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។

ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព មានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ ។ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ ៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក។

ប្រជាពលរដ្ឋដែលទទួលបាននូវអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះម្ចាស់អំណោយ ដែលបានជួយសម្រាល ក្នុងជីវភាពរបស់ពួកគាត់ ដែលកំពុងតែមានការលិចលង់ពីគ្រោះទឹកជំនន់នេះ។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឲ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនូវគ្រោះធម្មជាតិ។

ជាមួយគ្នានេះលោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង បានឱ្យដឹងថា ក្នុងស្រុកកណ្តៀងនេះ ៩ឃុំ ក្នុងនោះ៨ឃុំបានលិចលុង ដែលធ្វើឱ្យប៉ះពាល់ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរហូតដល់ ១០៦៣៤ គ្រួសារ និងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន។

សូមជម្រាបផងដែរថានៅក្នុងឱកាសនោះ លោកស្រីបានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ជាច្រើន ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ចំនួន ១,៣០០ គ្រួសារ រួមមាន អង្ករ២៥គីឡូក្រាម,ទឹកបរិសុទ្ធ២កេស, ត្រីខ២០កំប៉ុង ភួយ១ សារ៉ុង១ ថ្នាំពេទ្យ១កញ្ចប់ និងថវិកា១០មុឺនរៀលផងដែរ។ ព្រមទាំងបានដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជនសម្តេចតេជោ មកពិនិត្យពិគ្រោះជម្ងឺទូទៅ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ។ លើសពីនោះបើប្រពលរដ្ឋណាមានជម្ងឺធ្ងន់ធរក្រុមការងារនិងទទួលយកមកព្យាបាលជូននៅភ្នំពេញដោយអត់គិតថ្លៃ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation