សន្តិសុខសង្គម

បំបែកសំណុំរឿងករណីឃាតកម្មប្រើពូថៅកាប់សម្លាប់អតីតយោធិនពិការម្នាក់នៅស្រុកភ្នំស្រួច ដែលឃាតក គឺជាប្រពន្ឋចុង

image


កំពង់ស្ពឺ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសពបុរសម្នាក់ឈ្មោះ ជា សុះ ហៅ រិទ្ធ អាយុ៥២ឆ្នាំ ជាអតីតយោធិនពិការ នៅលើផ្ទះស្ថិតនៅភូមិថ្មី ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានស្លាប់ក្នុងថ្លុកឈាម កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ភ្លាមៗសមត្ថកិច្ច បានបើកការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យជាឃាតកបាន។

ករណីនេះ បើកការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធី ពីលោកស្រីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពងស្ពឺ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនឃាតកបានហើយ ដែលជាប្រពន្ធក្រោយរបស់ជនរងគ្រោះ។

សមត្ថកិច្ចបញ្ជាក់ថា ឃាតកមានឈ្មោះ មៀច ស្រីអុល ជាប្រពន្ធក្រោយរបស់ជនរងគ្រោះ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើពូថៅទៅលបកាប់ជនរងគ្រោះដែលកំពុងដេកលង់លក់នៅលើផ្ទះប្រាកដមែន។ ចំពោះមូលហេតុនៃអំពើឃាតកម្មនោះ ដោយសារចាប់តាំងពីខ្លួនបានរៀបចំសែនព្រេនយកគ្នាជាប្តីប្រពន្ធមក ជនរងគ្រោះផឹកស្រាស្រវឹងគំរាមកំហែងសម្លាប់ខ្លួនចោលរហូត។ ដោយភ័យខ្លាចជនរងគ្រោះសម្លាប់រូបខ្លួន ទើបបានជាខ្លួនទៅសម្លាប់ជនរងគ្រោះឱ្យបានមុន។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរជនសង្ស័យតាមនីតិវិធីបញ្ជូនទៅតុលាការ ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់៕


ព័ត៌មានទាក់ទង...