ព័ត៌មានជាតិ

ចាប់បានថ្នាំញៀនជាង ៤គីឡូក្រាម និងមនុស្ស ២នាក់ នៅខេត្តស្ទឹងត្រែង

image

ស្ទឹងត្រែង៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនឃាត់ខ្លួនជាមួយនឹងវត្ថុតាងគ្រឿងញៀនចំនួន ៤កញ្ចប់ធំ និង២កញ្ចប់តូចជាប្រភេទថ្នាំគ្រវី។ ប្រតិបត្តិការនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ អូត ស៊ីវត្ថា ស្នងការខេត្តស្ទឹងត្រែង បានឱ្យដឹងថា ករណីនេះ នគរបាលខេត្តបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលអូរស្វាយ និងកម្លាំងអធិការដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ រហូតបង្ក្រាបបានជនសង្ស័យម្នាក់នៅវេលាម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ហើយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ច បានបន្តនាំខ្លួនជនសង្ស័យម្នាក់ទៅយកថ្នាំញៀនដែលលាក់ទុកតាមចម្លើយសារភាព រហូតដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅផ្ទះជនសង្ស័យរួមនឹងវត្ថុតាងថ្នាំញៀន នៅចំណុចជិតច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ជាប់ព្រំប្រទល់កម្ពុជា-ឡាវ បន្ថែមទៀត។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានចំនួន ២នាក់ មានប្រុសម្នាក់ និងស្រីម្នាក់គឺ ទី១-ឈ្មោះ អុិន ថា ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់ធំ, ទី២-ឈ្មោះវ៉ាន ភូ ភេទប្រុសអាយុ ២៧ឆ្នាំ មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ក្រោយពីកម្លាំងជំនាញបានធ្វើការសាកសួររួចមក បានបន្តនីតិវិធី ដោយនាំជនសង្ស័យខាងលើទៅយកថ្នាំញៀនដែលខ្លួនបានយកទុកនៅផ្ទះជិតព្រំដែនឡាវ។ សមត្ថកិច្ចបានរកឃើញថ្នាំញៀន(១គីឡូក្រាម)រួមជាមួយថ្នាំគ្រវីចំនួន (២ថង់តូច) នាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត។ ក្រោយមកជនសង្ស័យទាំង ២នាក់បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា គ្រឿងញៀនខាងលើនេះ ពិតជារបស់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿង រួមទាំងវត្ថុតាងថ្នាំញៀន៤កញ្ជាប់ធំ រួមនិងថ្នាំគ្រវីចំនួន (២ថង់) សរុបជាង៤គីឡូក្រាម បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ គង់ ប៊ុនណា


ព័ត៌មានទាក់ទង...