ព័ត៌មានអន្តរជាតិ

ទឹកជំនន់វាយប្រហារខេត្តណាខន់ រ៉ាត់ឆាស៊ីម៉ា (Nakhon Ratchasima) ប្រទេសថៃ

image

ថៃ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឲ្យទឹកនៅក្នុងអាងស្តុកហូរយ៉ាងខ្លាំងបណ្តាលឲ្យលិចផ្ទះនិងវាលស្រែនៅក្នុងខេត្តណាខន់ រ៉ាត់ឆាស៊ីម៉ា (Nakhon Ratchasima) ភាគឦសានប្រទេសថៃដោយធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជាច្រើន។

ករណីបាក់ទំនប់អាងស្តុកទឹកឡាំ ប្រា ភ្លឿង (Lam Phra Phloeng) បានបង្កឲ្យមានទឹកជំនន់នៅក្នុងស្រុកប៉ាក់ ថងចៃ (Pak Thong Chai) ដោយបង្ខំឲ្យអាជ្ញាធរបូមទឹកបង្ហូរទៅទំនប់នៅក្បែរនោះ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃបានរាយការណ៍ថា ផ្ទះប្រហែល៤០ខ្នងត្រូវបានជន់លិច ហើយក្រុមជួយសង្គ្រោះបានប្រើទូកដើម្បីដឹកជំនួយទៅចែកជូនពលរដ្ឋនៅតាមតំបន់នានាដែលរងគ្រោះដោយសារទឹកជំនន់។

អាជ្ញាធរថៃបានឲ្យដឹងថា ខេត្តជាច្រើនទៀតក៏កំពុងប្រឈមនឹងទឹកជំនន់ធ្ងន់ធ្ងរផងដែរក្នុងនោះរួមមានខេត្តសាកែវ (Sa Kaeo) និងខេត្តប្រាឈីន ប៊ូរី (Prachin Buri) ខណៈដែលមានការព្យាករណ៍ថាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនឹងមានភ្លៀងធ្លាក់ថែមទៀតនៅក្នុងប្រទេសនេះ៕
ប្រែសម្រួល៖ នីតា