ព័ត៌មានជាតិ

ថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ ដែលគ.ជប ទទួលបានអ្នកចុះឈ្មោះសរុប៩ម៉ឺន៤ពាន់នាក់

image

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសថា ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៧:៣០នាទី ជាថ្ងៃចុងក្រោយនៃការទទួលពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ជាតិ សម្រាប់ចូលរួម សង្កេតការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ។


ចំពោះអ្នកសង្កេតការណ៍ជាតិនៃសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានដាក់ពាក្យសុំចុះឈ្មោះនៅថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះឈ្មោះ ក្នុងរយៈពេល យ៉ាងយូរ ៣ (បី) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នេះបើយោងតាមប្រការ ៣.៣.៥ នៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦។


សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ គ.ជ.ប បានសម្រេចអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាលប្រមាណជិត ៨០.០០០ នាក់ មកពី ១០៧ ស្ថាប័ន ។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏បាននឹងកំពុងពិនិត្យលើពាក្យស្នើសុំរបស់អ្នកសង្កេតការណ៍ជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាលប្រមាណ ជាង១.៤០០នាក់ថែមទៀត ដើម្បីចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ។


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ គឺជាសាក្សីនៃការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងត្រូវផ្តល់របាយការណ៍ជាលាយលក្ខណ៍អក្សរស្តីពីការសង្កេតឃើញ និងសេចក្តីសន្និដ្ឋានរបស់ខ្លួននៅក្នុងដំណើរការបោះឆ្នោត ផ្ញើជូន គ.ជ.ប បន្ទាប់ពីដំណើរការបោះឆ្នោតចប់សព្វគ្រប់។


សូមជម្រាបថា សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បេក្ខជនឈរឈ្មោះបោះឆ្នោត មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធមិនត្រូវបានអនុញ្ញាតឱ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេតមើលដំណើរការនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតទេ ៕

ព័ត៌មានទាក់ទង...