ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនប្តី ដែលប៉ុនប៉ងបាញ់សម្លាប់ប្រពន្ធក្នុងឡានបានហើយ រត់ពីសៀមរាបទៅខេត្តបាត់ដំបង

image

សៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានចាប់ខ្លួនប្ដីមិនទាន់រៀបការ ដែលប៉ុនប៉ងបាញ់សម្លាប់ប្រពន្ធក្នុងរថយន្តតែមិនស្លាប់ នៅស្រុកក្រឡាញ់បានហើយ ឈ្មោះ ចាន់ ផល ហៅចាន់ ពៅ ឬ គុជ ផល្លី អាយុ៥៧ឆ្នាំ។ ជនបង្កត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនដល់ខេត្តបាត់ដំបង និងកំពុងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង ២:៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ តាមការរៀបរាប់របស់នារីរងគ្រោះ ដែលមានអាយុ ២៧ឆ្នាំ បានឱ្យដឹងថា នៅវេលាកើតហេតុ រូបនាងត្រូវបានប្ដី (មិនទាន់បានរៀបការ) ប៉ុនប៉ងបាញ់សម្លាប់ក្នុងរថយន្ត ត្រូវចំណុចលើសុដន់ផ្នែកខាងឆ្វេង បៀមគ្រាប់ជាប់ក្នុងសាច់ តែសំណាងល្អ នាងមិនស្លាប់ ហើយបានបើកទ្វារថយន្តរត់ចេញក្រៅស្រែកឱ្យគេជួយ។ 

ស្របពេលនោះ កម្លាំងនគរបាល និងកម្លាំងប្រជាការពារ ដែលការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន ដែលឈរជើងនៅទីនោះ បានជួយសង្គ្រោះទាន់ពេលវេលា និង បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕