ផ្សារកំពង់ស្ពឺកំពុងប្រឈមនឹងការជន់លិចបន្ទាប់ពីកម្ពស់ទឹកស្ថានីយពាមឃ្លៃនិងទំនប់រលាំងជ្រៃឡើងលើសកម្រិតប្រកាសអាសន្ន
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺ៖ គិតមកដល់ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដានេះកម្រិតកម្ពស់ទឹកនៅស្ថានីយពាមឃ្លៃឡើងដល់ ៨,២០ ម៉ែត្រដែលលើសពីកម្រិតប្រកាសអាសន្នហើយ​ខណ្ឌដែលកម្ពស់ទឹកនៅទំនប់រលាំងជ្រៃទឹកក៏ឡើងដល់ ៧,១៤ ម៉ែត្រ កៀកនឹងកម្រិតប្រកាសអាសន្ន៧,៥០ ម៉ែត្រ។

ដោយសារតែមានភ្លៀងធ្លាក់មិនឈប់ហើយទឹកដែលហូរពីផ្នែកខាងលើនៅតែបន្តនោះ នឹងធ្វើឲ្យកម្រិតកម្ពស់ទឹកនៅទំនប់រលាំងជ្រៃនឹងឡើងចាប់ពី ៧,៥០ ម៉ែត្រ ដល់ ៧,៨០ ម៉ែត្រ ដែលនឹងធ្វើឲ្យលិចផ្សារកំពង់ស្ពឺតែម្តង។


សូមជម្រាបថា កាលពី រសៀលថ្ងៃពុធ ទី ១៨ ខែកក្កដាម្សិលមិញនេះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយបន្ទាប់ពីបានចុះពិនិត្យដោយផ្ទាល់លើស្ថាភាពទឹកជំនន់នៅស្ទឹងស្រែខ្លុង និងស្ទឹង ២ ផ្សេងទៀត ដែលហូរចាក់ចូលទៅស្ទឹងព្រែកត្នោតរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការណែនាំដល់ក្រុមមន្ត្រីបច្ចេកទេស នូវវិធានការ ៥ចំណុច រួមមាន៖

១- ក្រុមទី ១ ត្រូវប្រចាំការតាមដានលើស្ថានភាពទឹកជំនន់ និងរបាយទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ។

២- ក្រុមទី ២ ត្រូវប្រចាំការនៅទ្វារទឹករលាំងជ្រៃ ហើយត្រូវបន្តបើកទ្វារទាំងអស់ ទម្លាក់កំពស់ទឹកក្នុងស្ទឹងព្រែកត្នោតឲ្យទាប ដើម្បីស្រូបយកទឹកជំនន់ពីស្ទឹងស្រែខ្លុងបានលឿន ។

៣- ក្រុមទី ៣ ដែលកំពុងប្រចាំការនៅទំនប់ ៧ មករា ( កំពង់ទួល ) ត្រូវបន្តរំដោះទឹកចេញបន្ថែម ដើម្បីកុំឲ្យចាល់នឹងទឹកដែលទម្លាក់ពីកំពង់ស្ពឺទៅ ហើយពេលទឹកពីកំពង់ស្ពឺទៅដល់កំពង់ទួល ក្រុមការងារត្រូវចាត់ចែងបែងចែកទឹកនេះជា ០២ ផ្នែក គឺមួយផ្នែកត្រូវបង្វែរចូលទៅទន្លេបាទី តាមរយៈប្រឡាយលេខ ៧៨ និងតាមរយៈស្ទឹងតូច ឯមួយផ្នែកទៀត ត្រូវទម្លាក់តាមព្រែកហូរ ចូលទៅទន្លេបាសាក់ ។

៤- ក្រុមទី ៤ និងក្រុមទី ៥ ត្រូវប្រចាំការ តាមដានស្ថានភាពទឹក និងរបាយទឹកភ្លៀង នៅស្ទឹងតាសាល ស្ទឹងឃ្លៀច និងស្ទឹង អូរតូចៗមួយចំនួនទៀតដែលហូរចូលស្ទឹងព្រែកត្នោត ។

៥- ក្រុមទី ៦ (ក្រុមគ្រឿងចក្រធុនធ្ងន់) ត្រូវត្រៀមលក្ខណៈ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីអន្តរាគមន៍ក្នុងករណីចាំបាច់ ក៏ដូចជាត្រៀមជួសជុលឡើងវិញជាបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលអាចរងការខូចខាតដោយទឹកជំនន់ ។

សូមជម្រាបថា នារសៀលនេះដែរ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ស្ពឺបានជូនដំណឹងដល់គ្រប់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោតឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំ ដើម្បីបង្ការផលប៉ះពាល់ពីទឹកជំនន់ ដែលអាចធ្វើឲ្យជន់លិចផ្ទៃដីបង្កបង្កើនផល លំនៅស្ថាន ទ្រព្យសម្បត្តិ អាយុជីវិត និងអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កនូវជំងឺរាតត្បាតផ្សេងៗទៀតផង ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation