
បារាំងដាក់បម្រាមគោចរនៅក្នុងតំបន់ជាច្រេីនថែមទៀតដេីម្បីទប់ទល់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩

បារាំង៖នាយករដ្ឋមន្រ្តីបារាំង លោក ហ្សង់ កាសតិច (Jean Castex) កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសដាក់បម្រាមគោចរពេលយប់នៅក្នុងតំបន់ជាច្រើនថែមក្នុងគោលដៅកាត់បន្ថយការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។
ការប្រកាសរបស់នាយករដ្ឋមន្រ្តីបារាំងបានធ្វើឡើងមិនដល់មួយសប្តាហ៍ទេបន្ទាប់ពីបម្រាមគោចរដូចគ្នានេះត្រូវបានដាក់នៅក្នុងតំបន់ប៉ារីស និងទីក្រុងចំនួន៨ផ្សេងទៀត។
លោកនាយករដ្ឋមន្ត្រីបារាំងបាននិយាយថា «រលកទី២នៃការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩កំពុងតែចាប់ផ្ដេីមកេីតឡេីងហើយ»។
បម្រាមគោចរដែលត្រូវអនុវត្តចាប់ពីម៉ោង៩យប់ដល់ម៉ោង៦ព្រឹកនោះបានចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រឆ្លងចូលថ្ងៃសុក្រនេះ ហើយពលរដ្ឋប្រមាណ៤៦លាននាក់នឹងស្ថិតនៅក្រោមវិធានការនេះ។
យោងតាមនាយករដ្ឋមន្ត្រីបារាំង បម្រាមគោចរពេលយប់បានដាក់ទៅលេីតំបន់រដ្ឋបាលចំនួន៣៨បន្ថែមទៀត ដោយមានរយៈពេល៦សប្ដាហ៍។
គួរកត់សម្គាល់ថា បណ្តាប្រទេសនៅជុំវិញទ្វីបអ៊ឺរ៉ុបកំពុងតស៊ូជាមួយនឹងការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩ ហេីយបារាំង, អ៊ីតាលី, អេស្ប៉ាញ និងអង់គ្លេសសុទ្ធតែជាកន្លែងឆ្លងខ្លាំង៕
