ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីចំនួន ៤ ត្រូវធ្វើសកម្មភាពជាបន្ទាន់ដើម្បីដោះស្រាយផលប៉ះពាល់ពីទឹកជំនន់

image

ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងចំនួន ៤ ត្រូវចុះធ្វើសកម្មភាពជាបន្ទាន់ ដើម្បីដោះស្រាយផលប៉ះពាល់នានា ដែលកើតចេញពីទឹកជំនន់។

ការដាក់ចេញបទបញ្ជានេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ខណៈសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកជំនន់បានធ្វើឱ្យខូចផ្លូវជាតិ ផ្លូវលំ និងទំនប់ផ្សេងៗបានរងការខូចខាត។ សម្តេចតេជោ បានណែនាំរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន, រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម, រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីកសិកម្ម មិនត្រូវរង់ចាំការវាយតម្លៃពីតាមមន្ទីរនានាទេ ត្រូវចាត់មន្ត្រីរដ្ឋលេខាធិការចុះទៅវាយតម្លៃដោយផ្ទាល់។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីទាំង៤ ត្រូវធ្វើសកម្មភាពភ្លាមៗ ដើម្បីជួសជុល និងតភ្ជាប់ផ្លូវ ស្ពាន ដែលខូចខាតជូនប្រជាពលរដ្ឋ។ ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដូចជាមិនសូវឃើញនៅជនបទ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដោះស្រាយរឿងទឹកជំនន់មិនមែនបញ្ចប់ត្រឹមការចែកជំនួយនោះទេ អ្វីដែលជាការដោះស្រាយសំខាន់សម្រាប់ប្រជាពលរដ្ឋរងការជន់លិច គឺការបង្កឱកាសឱ្យពួកគាត់អាចដាំដុះឡើងវិញបាន។

សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យចុះសិក្សាបន្ទាន់ពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ហើយដាក់ចេញដំណោះស្រាយបន្ទាន់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ត្រូវការថវិកាប៉ុន្មាន ក៏ត្រូវតែទម្លាក់ទៅ ដើម្បីដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងរង់ចាំមើលការដោះស្រាយផលប៉ះពាល់របស់រដ្ឋមន្ត្រីទាំង៤។ សម្តេចតេជោបន្ថែមថា បើកន្លែងណារដ្ឋមន្ត្រីមានចំណាត់ការយឺត សម្តេចនឹងចុះទៅផ្ទាល់ ហើយចាំមើលរដ្ឋមន្ត្រីធ្វើមុខយ៉ាងម៉េច៕



ព័ត៌មានទាក់ទង...