ព័ត៌មានអន្តរជាតិ

គណបក្សប្រឆាំងនៅថៃប្រាប់នាយករដ្ឋមន្ត្រីឲ្យលាលែងពីតំណែងនៅឯកិច្ចពិភាក្សារបស់សភាអំពីការតវ៉ា

image

សាច់រឿង៖ គណបក្សប្រឆាំងធំបំផុតរបស់ថៃនៅថ្ងៃច័ន្ទនេះបានអំពាវនាវឱ្យនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុត ចាន់អូចា (Prayut Chan-o-cha) លាលែងពីតំណែងខណៈដែលសភាបានបើកសម័យប្រជុំពិសេសមួយបន្ទាប់ពីមានការស្នេីកោះប្រជុំដោយអតីតមេដឹកនាំយោធារូបនេះដើម្បីពិភាក្សាអំពីការតវ៉ា។

បាតុកម្មដែលដឹកនាំដោយនិស្សិតដែលពីដំបូងឡេីយបានទាមទារឲ្យ លោក ប្រាយុត ចុះចេញពីតំណែង និងទាមទារឲ្យមានរដ្ឋធម្មនុញ្ញថ្មីនោះបានបង្វែរការយកចិត្តទុកដាក់របស់ពួកគេកាន់តែខ្លាំងឡើងទៅលើរាជាធិបតេយ្យដោយអំពាវនាវឱ្យមានការកែទម្រង់ដើម្បីកាត់បន្ថយអំណាចរបស់ព្រះព្រះមហាក្សត្រថៃ ម៉ាហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)។

មេដឹកនាំគណបក្សភឿថៃដែលជាគណបក្សតែមួយធំជាងគេនៅក្នុងសភាបាននិយាយថា «លោក ប្រាយុត គឺជាឧបសគ្គ និងជាបន្ទុកដ៏ធំមួយសម្រាប់ប្រទេសថៃ។ សូមលោកលាលែងពីតំណែងនោះគ្រប់យ៉ាងនឹងត្រូវបញ្ចប់ដោយល្អ»។

លោក ប្រាយុត បានស្នេីកោះប្រជុំសភានៅសប្តាហ៍នេះបន្ទាប់ពីការដាក់វិធានការគ្រាអាសន្នកាលពីថ្ងៃទី១៥ ដើម្បីបញ្ចប់បាតុកម្មដែលរួមមានទាំងការហាមឃាត់ការប្រមូលផ្ដុំជាសារធារណៈផងនោះបានត្រឹមតែដុតបញ្ឆេះកំហឹងថែមទៀត ហេីយធ្វេីឲ្យមនុស្សរាប់ម៉ឺននាក់ចេញមកធ្វេីការតវ៉ាក្នុងទីក្រុងបាងកក។

សូមរម្លឹកថា លោក ប្រាយុត បានឡើងកាន់អំណាចក្នុងឆ្នាំ២០១៤ ដោយបានទម្លាក់អតីតនាយករដ្ឋមន្រ្តីថៃ លោក ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ដែលជាប្អូនស្រីរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra)។

ក្រុមអ្នកតវ៉ាបានចោទប្រកាន់ លោក ប្រាយុត ថាបានរៀបចំការបោះឆ្នោតទុកមុនកាលពីឆ្នាំទៅដើម្បីរក្សាអំណាច។ ប៉ុន្តែ លោក ប្រាយុត បាននិយាយថាការបោះឆ្នោតនោះគឺស្អាតស្អំ៕


ព័ត៌មានទាក់ទង...