សុខភាព

ប្រុសៗកុំប្រឹងអាហារទាំងនេះពេក ប្រយ័ត្នហានីភ័យដល់មេជីវិត

image

កន្លងមកមានគ្នាយើងខ្លះទំនងជាធ្លាប់បានឮថាការដាក់ទូរស័ព្ទក្នុងហោប៉ៅខោ ឬដាក់កុំព្យូទ័រយួរដៃលើភ្លៅសុទ្ធតែថាអាចប៉ះពាល់មេជីវិតឈ្មោល។ ការសិក្សាកន្លងមកបានរកឃើញពីទំនាក់ទំនងនៃការធ្លាក់ចុះមេជីវិតនេះ មកពីកត្តាច្រើនយ៉ាង ក្នុងនោះកត្តាម្ហូបអាហារក៏ជាកត្តាមួយដែរ។

១. អាហារកែច្នៃ
មិនមានអ្វីគួរឲ្យភ្ញាក់ផ្ញើលប៉ុន្មានទេ ដែលនិយាយថាអាហារកែច្នៃធ្វើឲ្យចំនួនមេជីវិតឈ្មោលធ្លាក់ចុះ ព្រោះថាកន្លងមកការសិក្សាមួយចំនួនបានរកឃើញថាអាហារប្រភេទនេះក៏មានទំនាក់ទំនងនឹងជំងឺផ្សេងៗមួយចំនួនទៀតដែរ។

អាហារកែច្នៃទាំងនោះរួមមាន សាច់ក្រក និងប្រភេទសាច់ជ្រូកបីជាន់ជាដើម។ ថ្វីដ្បិតតែអាហារទាំងនេះមានរសជាតិឆ្ងាញ់មែន តែអាហារទាំងនេះមានការសិក្សារកឃើញថា អ្នកញ៉ាំច្រើនចំនួនមេជីវិតឈ្មោលបានធ្លាក់ចុះ និងចលនារបស់មេជីវិតប្រែប្រួល។ ទោះបីជាការសិក្សាមិនអាចបញ្ជាក់បានថាតើអាហារទាំងនេះប៉ះពាល់ដោយរបៀបណា តែថាការប៉ះពាល់គឺអវិជ្ជមាន។

២. ខ្លាញ់ចម្រាញ់
ការសិក្សាបឋមមួយចំនួនបានបង្ហាញក្ដីបារម្ភថាខ្លាញ់ចម្រាញ់អាចបង្កើនហានិភ័យនៃការកើតជំងឺបេះដូង។ ជាក់ស្តែងខ្លាញ់ប្រភេទនេះមិនត្រឹមតែអាចបង្កជាបញ្ហាជំងឺបេះដូងទេ តែការសិក្សាមួយនៅប្រទេសអេស្ប៉ាញបានរកឃើញថាការញ៉ាំអាហារមានជាតិខ្លាញ់ចម្រាញ់ច្រើនធ្វើឲ្យចំនួនមេជីវិតធ្លាក់ចុះ។ ខ្លាញ់ចម្រាញ់ធ្វើឲ្យបរិមាណកូលេស្តេរ៉ូលអាក្រក់កើនឡើង និងធ្វើឲ្យកម្រិតកូលេស្តេរ៉ូលល្អធ្លាក់ចុះ។ ការញ៉ាំខ្លាញ់ប្រភេទនេះច្រើនធ្វើឲ្យយើងប្រឈមមុខនឹងជំងឺបេះដូង និងជំងឺសរសៃឈាមកាន់តែខ្ពស់ដែរ។ ខ្លាញ់ចម្រាញ់អាចមាននៅក្នុងនំខេក នំឃុកឃី និងប្រភេទអាហារបំពងជាដើម។

៣. ផលិតផលអាហារធ្វើពីសណ្ដែក
ផលិតផលអាហារផលិតពីសណ្ដែកមានផ្ទុក phytoestrogens ដែលការសិក្សាមួយធ្វើឡើងនៅវិទ្យាស្ថានសុខភាពទីក្រុងបូស្តុន បានរកឃើញថាអ្នកទទួលទានអាហារធ្វើពីសណ្ដែកច្រើនអាចប្រឈមនឹងចំនួនមេជីវិតធ្លាក់ចុះ។

ថ្វីដ្បិតតែអ្នកស្រាវជ្រាវមិនទាន់ច្បាស់ពីដំណើរការដែលធ្វើឲ្យប៉ះពាល់មេជីវិតនេះក្ដី តែការការសិក្សាមួយទៀតរបស់សាកលវិទ្យាល័យ Harvard បានពន្យល់ថាទំនងជាសណ្ដែកជួយបង្កើនកម្រិតសកម្មភាពរបស់អ័រម៉ូនអឺស្រ្តូហ្សែន ដែលនាំឲ្យមានផលអវិជ្ជមានដល់ការផលិតមេជីវិតឈ្មោល និងរំខានដល់អ័រម៉ូនផ្សេងៗទៀត។

៤. អាហារធ្វើពីទឹកដោះមានជាតិខ្លាញ់ខ្ពស់
ទឹកដោះគោ អ្នកណាក៏ដឹងថាល្អចំពោះសុខភាពដែរ ប៉ុន្តែបើអាហារធ្វើពីទឹកដោះគោមានជាតិខ្លាញ់ខ្ពស់ វាជារឿងផ្សេង។ ការសិក្សាមួយធ្វើឡើងលើមនុស្ស១៨៩នាក់ អាយុចន្លោះពី១៨ ដល់២២ឆ្នាំ បានរកឃើញថាអ្នកញ៉ាំអាហារធ្វើពីទឹកដោះមានខ្លាញ់ខ្ពស់ ដូចជាឈីស និងcream ជាដើម គឺមានទំនាក់ទំនងទៅនឹងការធ្លាក់ចុះនៃមេជីវិតឈ្មោល និងធ្វើឲ្យរូបរាងមេជីវិតប្រែប្រួលខុសប្រក្រតីផងដែរ។
ដើម្បីកាត់បន្ថយបញ្ហាទាំងនេះយើងគួរកាត់បន្ថយញ៉ាំអាហារដូចបានរៀបរាប់ខាងលើ ហើយងាកមកញ៉ាំអាហារដូចជាត្រី បន្លែ ផ្លែឈើ និងគ្រាប់ផ្លែឈើឲ្យបានច្រើន ដើម្បីជួយបង្កើនសុខភាពមេជីវិតឈ្មោលរបស់យើងវិញ៕

ប្រភព៖ www.hellokrupet.com



ព័ត៌មានទាក់ទង...