ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុនកំណត់គោលដៅលុបបំបាត់ការបំភាយឧស្ម័នកាបូនិចនៅឆ្នាំ២០៥០

image

ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសជប៉ុនគ្រោងនឹងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឲ្យដល់កម្រិតសូន្យនិងលុបបំបាត់ការបំភាយឧស្ម័នកាបូនិចនៅឆ្នាំ២០៥០។

លោក ស៊ូហ្គា បានលើកឡើងបែបនេះក្នុងអំឡុងការថ្លែងសុន្ទរកថាអំពីគោលនយោបាយរបស់លោកទៅកាន់សភាជាលើកដំបូងក្រោយពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនកាលពីខែមុន។

ដើម្បីសម្រេចគោលដៅនេះលោក ស៊ូហ្គា បាននិយាយថា «បន្ទះសូឡានិងការកែច្នៃឧស្ម័នកាបូននឹងក្លាយជាចំណុចសំខាន់ ហើយជប៉ុននឹងបង្កើនការស្រាវជ្រាវនិងការអភិវឌ្ឍលើផ្នែកនេះបន្ថែមទៀត។»

កន្លងមកប្រទេសជប៉ុនបាននិយាយថាខ្លួននឹងសម្រេចគោលដៅលុបបំបាត់ការបំភាយឧស្ម័នកាបូនិចឲ្យបានលឿនតាមដែលអាចធ្វើទៅបាននៅក្នុងនៅពាក់កណ្តាលសតវតរ្ស៍នេះ ប៉ុន្តែមិនបានកំណត់កាលបរិច្ឆេទច្បាស់លាស់ទេ។

គួរបញ្ជាក់ថា ជប៉ុនគឺជាប្រទេសដែលបំភាយឧស្ម័នកាបូនិចច្រើនជាងគេលំដាប់ទី៥នៅលើពិភពលោក ហើយកំពុងចាត់វិធានការជាច្រើនដើម្បីបង្កើនការផលិតថាមពលដែលអាចកកើតឡើងវិញបាន៕

ប្រែសម្រួល៖ នីតា


ព័ត៌មានទាក់ទង...