ព័ត៌មានអន្តរជាតិ

អាមេរិកប្រកាសពីការលក់ប្រព័ន្ធមីស៊ីលដែលមានតម្លៃ២ពាន់៤រយលានដុល្លារទៅឱ្យកោះតៃវ៉ាន់ 

image

សាច់រឿង៖អាមេរិកកាលពីថ្ងៃច័ន្ទបានប្រកាសថា ខ្លួនបានយល់ព្រមលើការលក់ប្រព័ន្ធមីស៊ីលដែលមានតម្លៃប្រហែល២ពាន់៤រយលានដុល្លារទៅឲ្យកោះតៃវ៉ាន់ដែលជាសកម្មភាពមួយរឹតតែធ្វើឱ្យចិនខឹងសម្បារកាន់តែខ្លាំងបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានព្រមព្រៀងលក់មីស៊ីលដែលមានតម្លៃ១ពាន់លានដុល្លារកាលពីសប្តាហ៍មុនទៅឲ្យកោះស្វ័យគ្រប់គ្រងមួយនេះរួចមក។  

ក្រសួងការបរទេសបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា​ សំណេីលក់ប្រព័ន្ធមីស៊ីលការពារតំបន់ឆ្នេរសមុទ្រនេះ​ «នឹងជួយធ្វើឱ្យប្រសើរឡើងនូវសន្តិសុខរបស់កោះតៃវ៉ាន់​ និងជួយរក្សាស្ថិរភាពនយោបាយ, តុល្យភាពយោធា និងវឌ្ឍនភាពនៅក្នុងតំបន់»។

តៃវ៉ាន់ដែលជាកោះប្រជាធិបតេយ្យ​ និងស្វ័យគ្រប់គ្រងនោះ​ រស់នៅក្រោមការគំរាមកំហែងឥតឈប់ឈរពីការឈ្លានពានរបស់ចិន​ ដោយក្រុមមេដឹកនាំចិនចាត់ទុកកោះនេះជាផ្នែកមួយនៃទឹកដីរបស់ពួកគេ។

ក្រុមមេដឹកនាំចិនបានប្តេជ្ញាថានឹងក្រសោបយកកោះនេះដោយបង្ខំប្រសិនបើចាំបាច់។

ទីក្រុងប៉េកាំងបានបង្កើនសម្ពាធការទូត និងយោធាទៅលើកោះតៃវ៉ាន់ចាប់តាំងពីមានការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦​នៅកោះតៃវ៉ាន់​ ដែលនៅពេលនោះ​ លោកស្រី​ សៃ​ អ៊ីងវ៉េន (Tsai Ing-wen) បានជាប់ឆ្នោត។ លោកស្រីចាត់ទុកកោះនេះជាប្រទេសមានអធិបតេយ្យជាក់ស្តែង​ និងមិនមែនជាផ្នែកមួយរបស់​ «ប្រទេសចិនតែមួយ» ទេ។ 

យន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែករបស់ចិនបានហោះចូលដែនអាកាសរបស់កោះតៃវ៉ាន់កាន់តែញឹកញាប់ក្នុងប៉ុន្មានខែថ្មីៗនេះ​៕

ព័ត៌មានទាក់ទង...