ព័ត៌មានអន្តរជាតិ

ជប៉ុន និងអាមេរិកចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏ធំមួយក្នុងគ្រាដែលការព្រួយបារម្ភអំពីចិនមានការកើនឡើង

image

សាច់រឿង៖ប្រទេសជប៉ុន និងអាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធយោធាផ្លូវអាកាស, ផ្លូវសមុទ្រ​ និងផ្លូវគោកកាលពីថ្ងៃច័ន្ទនៅជុំវិញប្រទេសជប៉ុនដែលជាការបង្ហាញកម្លាំងនៅចំពោះមុខសកម្មភាពយោធាចិនដែលចេះតែកើនឡើងនៅក្នុងតំបន់។

សមយុទ្ធយោធារួមគ្នានេះដែលមានឈ្មោះថា​ ឃីនសត​ (Keen Sword) គឺជាសមយុទ្ធដ៏ធំលើកដំបូងចាប់តាំងពី លោក យ៉ូស៊ីហ៊ីដេ​ ស៊ូហ្គា​ (Yoshihide Suga) បានក្លាយជានាយករដ្ឋមន្រ្តីរបស់ជប៉ុនកាលពីខែមុនជាមួយនឹងការប្តេជ្ញាបន្តការកសាងកម្លាំងយោធាសំដៅប្រឆាំងនឹងចិនដែលបានទាមទារយកប្រជុំកោះដែលគ្រប់គ្រងដោយជប៉ុននៅសមុទ្រចិនខាងកើត។

សមយុទ្ធយោធាឃីនសត​ (Keen Sword) ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តងនេះមានការចូលរួមពីនាវាចម្បាំងរាប់សិបគ្រឿង,​ យន្ដហោះរាប់រយ​ និងទាហានចំនួន៤ម៉ឺន៦ពាន់នាក់មកពីប្រទេសជប៉ុន​ និងអាមេរិក​ ហេីយត្រូវធ្វេីឡេីងរហូតដល់ថ្ងៃទី៥ ខែវិច្ឆិកា។ 

លោក ស៊ូហ្គា​ នៅខែនេះបានបំេញទស្សនកិច្ចនៅប្រទេសវៀតណាម​ និងឥណ្ឌូនេស៊ីដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនក្នុងការជំរុញទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់ៗនៅអាស៊ីអាគ្នេយ៍ក្នុងគ្រាដែលឥទ្ធិពលរបស់ចិនក្នុងតំបន់កាន់តែកេីនឡេីង។ 

ជប៉ុនកំពុងមានការព្រួយបារម្ភជាពិសេសអំពីការកេីនឡេីងនៃសកម្មភាពកងទ័ពជើងទឹកចិនជុំវិញប្រជុំកោះមានជម្លោះនៅសមុទ្រចិនខាងកើតដែលទីក្រុងតូក្យូហៅថា​សេនកាគុ (Senkaku) ហេីយទីក្រុងប៉េកាំងហៅថា​ ដ្យៅយូ​ (Diaoyu)។ 

ប៉ុន្តែប្រទេសចិនបាននិយាយថាចេតនារបស់ខ្លួននៅក្នុងតំបន់នោះគឺមានសន្តិភាពទេ៕