ព័ត៌មានជាតិ

News Update: ទឹកជំនន់ ធ្វើឱ្យពលរដ្ឋរាប់ពាន់គ្រួសារក្នុងឃុំកំពង់គ្រែង និងឃុំស្ទឹងកែវ ស្រុកទឹកឈូគ្មានអគ្គិសនីប្រើប្រាស់

image

(កំពត)៖ អគ្គិសនីខេត្តកំពតបានប្រកាសព័ត៌មានបន្ទាន់ថា ចាប់ពីវេលាម៉ោង ០៨:៤០ នាទីព្រឹកនៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០១៨នេះ អគ្គិសនីកំពត សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នដែលស្ថិតនៅឃុំកំពង់គ្រែង និងឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។

អគ្គិសនីខេត្តកំពតបញ្ជាក់ថា ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនីក្នុងឃុំទាំងពីរនៃស្រុកទឹកឈូរនេះ ដោយសារមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាបណ្តាលអោយមានទឹកជំនន់ និង ដើម្បីជ្រៀសវាងកុំអោយមានបញ្ហាដល់ការផ្គត់ផ្គង់អគ្គិសនី និងមានគ្រោះថ្នាក់ផេ្សងៗ។ជាមួយគ្នានេះ អគ្គីសនីកំពតនឹងភ្ជាប់ចរន្តជូនប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញនៅពេលទឹកស្រក ដោយស្នើសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់។

សូមជំរាបថា មកដល់ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រសួងធនធានទឹកនិងឧត្តុនិយម បញ្ជាក់ថា ទឹកព្រែកកំពង់បាយ បានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត ដែលធ្វើឱ្យជន់ឡើងលិចចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ ស្រុកឈូក ស្រុកជុំគិរី និងសង្កាត់មួយចំនួនដែលនៅជាយក្រុងកំពត ។ហើយបើតាមការព្យាករណ៏ខណៈភ្លៀងនៅតែបន្តធ្លាក់ ទឹកពីតំបន់ខាងលើនៅតែបន្តហូរចាក់ចូល ដូចនេះទឹកព្រែកនឹងបន្តកើនឡើង ។

ស្របគ្នានេះ ក្រសយងធនធានទឹកនិងអាជ្ញាធរខេត្តកំពតនៅតែបន្តអំពាវនាវសូមឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរនៅតាមមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕