កីឡា

Marcus Rashford ស៊ុត Hat-Trick ជួយ Man UTD ឈ្នះ RB Leipzig ៥-០ ក្នុងពានរង្វាន់ UEFA Champions League

image

អង់គ្លេស៖ ខ្សែប្រយុទ្ធ Marcus Rashford បានក្រោកពីកៅអីបម្រុង និងបានចូលលេងព្រមទាំងស៊ុតបញ្ចូលទី៣គ្រាប់ ក្នុងចំណោមលទ្ធផលជ័យជម្នះ ៥ទល់នឹង០ របស់ Man UTD លើក្រុមអាល្លឺម៉ង់ RB Leipzig ក្នុងជុំទី២ ពូល H ពានរង្វាន់ UEFA Champions League។

ក្នុងវគ្គទី១លើទីលាន Old Trafford នេះ មានការស៊ុតតែ១លើកប៉ុណ្ណោះ ពី Mason Greenwood នៅនាទី២១។ 

មកដល់វគ្គទី២ Marcus Rashford ដែលទើបបានចូលជំនួស Mason Greenwood បានស៊ុតគ្រាប់ទី២ របស់ Man UTD មុនពេលគ្រាប់ទី៣កើតឡើងដោយកីឡាករវ័យ២២ឆ្នាំ នេះដដែលនៅនាទី៧៨។ នាទី៨៧ កីឡាករ Marcel Sabitzer បានទាក់ជើងរបស់ Anthony Martial ដែលនាំឱ្យក្រុមលោក Ole Gunnar Solskjaer បានទទួលការទាត់បាល់ពិន័យ១១ម៉ែត្រ។ Anthony Martial ក៏ជាអ្នកស៊ុតបញ្ចូលទី គ្រាប់ទី៤របស់ Man UTD ហើយគ្រាប់ទី៥ក៏កើតឡើងបន្តគ្នា ដោយ Marcus Rashford នៅនាទី៩០+២។

Marcus Rashford គឺជាកីឡាករទី២របស់ Man UTD ដែលក្រោយពីកៅអីបម្រុង និងស៊ុត Hat-Trick បន្ទាប់ពីគ្រូបង្វឹករបស់គេ គឺលោក Ole Gunnar Solskjaer ដែលលោកធ្វើបានបែបនេះ កាលលេងឱ្យ Man UTD ទល់នឹង Nottingham Forest នៅក្នុងខែកុម្ភៈឆ្នាំ ១៩៩៩ នៅក្របខណ្ឌ Premier League។ រីឯ RB Leipzig វិញ វាគឺជាការចាញ់ ៥-០ នេះ គឺជាការចាញ់ធ្ងន់ធ្ងរដំបូងនៅក្នុងប្រវត្តិនៃការលេង Champions League របស់ពួកគេ។

រីឯលទ្ធផល១គូទៀត ក្នុងពូល H នេះដែរ គឺ PSG បានយកឈ្នះក្រុមទួរគី İstanbul Başakşehir ដោយលទ្ធផល២-០។

ដូចនេះ Man UTD នៅឈរកំពូលតារាង មាន៦ពិន្ទុ PSG នៅលេខ២ មាន៣ពិន្ទុ RB Leipzig នៅលេខ៣ មាន៣ពិន្ទុ İstanbul Başakşehir នៅបាតតារាងមាន ០ពិន្ទុ៕

ព័ត៌មានទាក់ទង...