ព័ត៌មានជាតិ

កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ 

image

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃប្រទេសកម្ពុជា និងគណៈកម្មាធិការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានធ្វើឡើងតាមរយៈប្រព័ន្ធ ONLINE។ 

ហត្ថលេខីលើអនុស្សរណៈយោគយល់នេះ គឺរវាងលោកកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ         បច្ចេកវិទ្យា និងនវានុវត្តន៍ និងភាគីចិន តំណាងដោយលោក ZHANG QUAN អគ្គនាយកគ្រប់គ្រង គណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទីក្រុងសៀងហៃ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ  បានបញ្ជាក់ថា អនុស្សរណៈនេះ នឹងជួយជំរុញការអភិវឌ្ឍលើកិច្ចការស្រាវជ្រាវរួមគ្នាថ្មីៗ រវាងអ្នកស្រាវជ្រាវកម្ពុជា-ចិន ការផ្លាស់ប្តូរបទពិសោធន៍ ការផ្លាស់ប្តូរបច្ចេកទេស និងបច្ចេកវិទ្យា របកគំហើញថ្មីៗ រួមទាំងការសហការអនុវត្តគម្រោងថ្មីៗ។ 

អនុស្សរណៈយោគយល់នេះ នឹងបង្កើននូវឱកាសសហការរួមគ្នាក្នុងអនុវត្តគម្រោងពាក់ព័ន្ធទៅនឹងចំណុចអាទិភាព ដូចជាការបណ្តុះបណ្តាលសមត្ថភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កសិកម្ម និងការកែច្នៃកសិផល អនាម័យ និងសុខភាព បរិស្ថាន ព័ត៌មានវិទ្យា និងទូរគមនាគមន៍ ជាពិសេស ការត្រៀមរៀបចំគំនិតផ្តួចផ្តើមក្នុងការបង្កើតឱ្យមានជាសាខាធនាគារបច្ចេកវិទ្យាបៃតងនៅកម្ពុជា។ 

លោកទេសរដ្ធមន្រ្តី បពោ្ជក់បន្ថែមទៀតថា ការបង្កើតឱ្យមានជាសាខាធនាគារបច្ចេកវិទ្យាបៃតងនៅកម្ពុជា គឺជាគំនិតផ្តួចផ្តើមមួយដ៏ល្អ ស្របតាមផែនការអភិវឌ្ឍប្រទេសចិន ហើយត្រូវបានបង្កើតឡើងដើម្បីកៀរគរ ចាត់ចែង និងសម្របសម្រួលដល់ការ​ប្រើប្រាស់មូលនិធិ ឬឥណទានបៃតង គាំទ្រដល់ការអនុវត្តគម្រោងវិនិយោគបៃតងខ្នាតធំ ដូចជាការវិនិយោគលើគម្រោងវារីអគ្គិសនី ថាមពលព្រះអាទិត្យ គម្រោងកាត់​បន្ថយការបំភាយឧស្ម័នកាបូនក្នុងវិស័យឧស្សាហកម្មនិងផលប៉ះពាល់បរិស្ថាន ពិសេសជួយដល់ការបង្កើនកិច្ចសហប្រតិបត្តិការលក្ខណៈអន្តរជាតិ ដូចជាកិច្ចសហប្រតិបត្តិការផ្លូវ និងខ្សែក្រវាត់ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង រួមជាមួយការចូលរួមសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០។

ដោយឡែក ភាគីចិន ក៏បានថ្លែងអំណរគុណដល់ កម្ពុជា ចំពោះការផ្តល់នូវកិច្ចសហប្រតិបត្តិការ​ក្នុងភាពជាដៃគូយូរអង្វែង និងជាមិត្តភាព ហើយបានគូសបញ្ជាក់អំពីការប្តេជ្ញាចូលរួមជំរុញនូវការអនុវត្តអនុស្សរណៈយោគយល់នេះ ឱ្យលេចចេញជារូបរាង និងលទ្ធផល ក្នុងពេលខាងមុខ៕