ទឹកជំនន់ស្ពានសំរោងស្រកមែន​ តែផ្ទះពលរដ្ឋក្នុងស្រុកកំពង់សីលាជាង៤០០គ្រួសារនៅតែបន្តជនលិច
| ព័ត៌មានជាតិ
SHARE

(ខេត្តព្រះសីហនុ)​៖ បន្ទាប់ពីកំណាត់ផ្លូវជាតិលេខ៤ក្នុងស្រុក​កំពង់សីលាគីឡូម៉ែត្រ​លេខ​១១៥- ១១៦ ត្រូវបានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវមិនអាចធ្វើចរាចរណ៍បាន​ ហើយបានស្រកអស់វិញនាព្រឹកមិញទៅហើយក្តី ប៉ុន្តែទឹកជំនន់នេះនៅតែបន្តជន់លិចលំ​នៅ​ដ្ឋាន​របស់បងប្អូនប្រជាពលរដ្ឋចំនួនជាង៤០០គ្រួសារដែលមានពីរឃុំ គឺឃុំអូរបាក់រទេះ មានពីរភូមិ គឺភូមិស្ទឹងច្រាល និងភូមិស្ទឹងសំរោង ឃុំកំពង់សីលាមានបីភូមិ គឺភូមិចាំស្រី ភូមិ វាល និងភូមិក្រាំងអាត់ ក្នុងស្រុកកំពង់សីលាខេត្តព្រះសីហនុ។


​លោក សៅ បូរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា បានឲ្យ​ដឹងថា​ក្រោយ​ពីមាន​ភ្លៀង​ជាប់​ៗគ្នាជាច្រើនថ្ងៃមកនេះធ្វើឲ្យចំណុចស្ពានស្ទឹងសំរោងនិងស្ទឹងច្រាល ទឹកជន់លិចផ្លូវ និងលិច​លំនៅស្ថាន ប្រជាពលរដ្ឋជាង៤០០គ្រួសារ ក្នុឃុំអូរបាក់រទេះ និងធ្វើឲ្យប៉ះពាល់​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋដោយពួកគាត់មិនអាចចេញទៅ​ប្រកបរបរចិញ្ចឹមជីវិតប្រចាំ​ថ្ងៃរបស់​ពួក​​គាត់បាន ហើយធ្វើឲ្យកូនចៅរបស់គាត់ពិបាកក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ ហើយក្នុងជំ​នន់​ទឹកភ្លៀងប៉ុន្មានថ្ងៃនេះគឺមិនមាន​ប៉ះ​ពាល់ដល់អាយុជីវិតមនុស្ស សត្វ និងផលដំណាំរបស់​បងប្អូន​ប្រ​ជា​ពលរដ្ឋនោះទេ។


​ហើយចំពោះមុខលោកអភិបាលស្រុកបានបញ្ជាក់ថា​ អាជ្ញាធរបានយកចិត្តទុក្ខដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយជំនន់ទឹកភ្លៀងក្នុងនោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចុះជួយសម្រួលការធ្វើចរាចរណ៍និងដឹកចម្លងប្រជាពលរដ្ឋសិស្សានុសិស្សមកសិក្សារៀនសូត្រប្រកបដោយសុវត្ថិភាព។


ជាមួយគ្នានេះ​ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ក្នុងឱកាសដែល ឯកឧត្ដមបានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងភូមិសាស្ត្រស្ទឹងច្រាលនិងស្ពានស្ទឹងសំរោងថា សូមឲ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាអនាម័យសុខភាពទាំងការស្នាក់នៅ ការហូបចុក ជាពិសេសកុមារគេងត្រូវចងមុងនៅពេលដែលទឹក​បានស្រក​ទៅវិញនេះ។​


ចំ​ពោះ​មុខ ឯកឧត្ដម អភិបាល​ខេត្តនិង​ជាប្រធានកិត្តិយសសាខាកាកបាទក្រហម​ខេត្តបាន​នាំយក​អំណោយមនុស្សធម៌របស់សាខាទៅចែកជូនប្រជាពលរដ្ឋ រួមមាន អង្ករ មី មុង ភួយ កន្ទេល ថវិការ​និងសម្ភារៈប្រើ​បា្រស់​មួយ​ចំនួន​ទៀត។


សូមបញ្ជាក់ដែរថា មកដល់រសៀល​ថ្ងៃទី​១៩​កក្កដាឆ្នាំ២០១៨នេះ នៅតំបន់​ស្ពានស្ទឹងសំរោង​ទឹកបានស្រកអស់​ពីលើផ្លូវថ្នល់​ជាតិ​ហើយតែការធ្វើចរាចរណ៍បានតែរថយន្តធុនតូច​ ឯរថយន្តធុនធំមិនទាន់ឲ្យធ្វើចរាចរណ៍នៅឡើយនោះទេ៕ (អត្ថបទ៖ ប៉ៃ​ សុឃីម SHV)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation