ព័ត៌មានអន្តរជាតិ

ប្រមុខសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់អាមេរិកប្រកាសថា គ្មានព័ស្ដុតាងបង្ហាញពីការការជ្រៀតជ្រែករបស់បរទេសក្នុងការបោះឆ្នោតឡេីយ

image


សាច់រឿង៖មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិកបាននិយាយថា រដ្ឋាភិបាលអាមេរិកគ្មានព័ស្តុតាងណាមួយដែលបង្ហាញថា មហាអំណាចបរទេសណាមួយបានធ្វេីសកម្មភាពរំខានដល់ការរាប់សន្លឹកឆ្នោតនោះទេ។

លោក គ្រីស្តូវហ្វ័រ គ្រេប (Christopher Krebs) ប្រធានផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គ្មានព័ស្តុតាងណាមួយដែលបង្ហាញថា សត្រូវបរទេសណាមួយមានសមត្ថភាពរារាំងពលរដ្ឋអាមេរិកមិនឱ្យបោះឆ្នោត ឬកែប្រែចំនួនសន្លឹកឆ្នោតឡេីយ»។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានសន្និដ្ឋានថា នៅក្នុងឆ្នាំ២០១៦ ប្រទេសរុស្ស៊ីជាអ្នកនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វេីឲ្យមានការប្រែប្រួលលទ្ធផលបោះឆ្នោតនៅអាមេរិកប្រឆាំងនឹង លោកស្រី ហ៊ីលឡារី គ្លីនតុន។

ប្រធានផ្នែកសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតរបស់ក្រសួងសន្តិសុខមាតុភូមិអាមេរិកបានបញ្ជាក់ថា «ពួកយើងនឹងនៅតែមានការប្រុងប្រយ័ត្នចំពោះរាល់ការប៉ុនប៉ងរបស់បរទេសដែលកំណត់គោលដៅ ឬរំខានដល់ការរាប់សន្លឹកឆ្នោតដែលកំពុងបន្តធ្វេីឡេីង និងការបញ្ជាក់លទ្ធផលចុងក្រោយ»។

លោកបានបន្ថែមថា «ពលរដ្ឋអាមេរិកគឺជាខ្សែការពារចុងក្រោយនៃការប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់បរទេសដេីម្បីជ្រៀតជ្រែកមកលេីការបោះឆ្នោត ហើយពួកយើងលើកទឹកចិត្តឱ្យមានការអត់ធ្មត់បន្តទៀតនៅក្នុងថ្ងៃ និងប៉ុន្មានសប្តាហ៍ទៅមុខនេះ»។

ក្រុមយុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតី ត្រាំ បានដាក់ពាក្យប្ដឹងតវ៉ាតាមផ្លូវច្បាប់នៅក្នុងរដ្ឋជាច្រើន។ ប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតបានបិទបញ្ចប់កាលពីល្ងាចថ្ងៃអង្គារ លោក ត្រាំ បានចោទប្រកាន់ថាមានការក្លែងបន្លំសន្លឹកឆ្នោត ប៉ុន្តែមិនបានផ្តល់ព័ស្តុតាងណាមួយឡើយ៕


ព័ត៌មានទាក់ទង...