ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ អះអាងថា កម្ពុជា បានគិតគូរយ៉ាងល្អិតល្អន់ រាល់ពេលចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី

image

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា លោក សុខ សុភ័ក្រ្ត បានអះអាងថា រាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ទាំងអស់ដែលកម្ពុជាបានចូល និងកំពុងពិចារណាចូល សុទ្ធតែឆ្លងកាត់ការសិក្សាវាយតម្លៃយ៉ាងល្អិតល្អន់បំផុត ដើម្បីថ្លឹងថ្លែងពីផលប៉ះពាល់លើសង្គមសេដ្ឋកិច្ច និងធានាការអភិវឌ្ឍប្រកបដោយបរិយប័ន្ន និងនិរន្តភាព។ 

ការអះអាងបញ្ជាក់ដូចនេះ បានធ្វើឡើងក្នុងសិក្ខាសាលា ស្តីពីវីធីសាស្ត្រសម្រាប់ការវាយតម្លៃផលប៉ះពាល់ពាណិជ្ជកម្ម (TIA) ដែលសហការរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងគម្រោង ARISE-Plus Cambodia។

លោក សុខ សុភ័ក្រ្ត បានលើកឡើងថា បច្ចុប្បន្ន កម្ពុជាត្រូវការធនធនមនុស្សបន្ថែមទៀត ពិសេសអ្នកចរចាពាណិជ្ជកម្ម ដែលមានចំណេះដឹង និងជំនាញទាក់ទងនឹងការវាយតម្លៃផលប៉ះពាល់ពាណិជ្ជកម្មនេះ ដើម្បីបង្កើតលទ្ធភាពនៃការបង្កើត FTA ជាមួយបណ្តាដៃគូពាណិជ្ជកម្មសក្តានុពលរបស់កម្ពុជា នាពេលអនាគត។ 

លោករដ្ឋលេខាធិការ ក៏បានសង្ឃឹមផងដែរថា សិក្ខាសាលាស្តីពីវីធីសាស្ត្រសម្រាប់ការវាយតម្លៃផលប៉ះពាល់ពាណិជ្ជកម្មនេះ នឹងជួយបណ្ដុះបណ្ដាលចំណេះដឹងក្នុងការរៀបចំគោលនយោបាយពាណិជ្ជកម្ម និងជំហរចរចាមួយប្រកបដោយសក្ខីកម្ម កំណត់បញ្ហាដែលត្រូវដោះស្រាយ និងធ្វើការឆ្លើយតប និងលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មមកលើសេដ្ឋកិច្ច។

បើតាមលោក សុខ សុភ័ក្រ្ត បានឱ្យដឹងថា ទោះបីកម្ពុជាទើបតែបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ ក្តី ក៏កម្ពុជាបាននិងកំពុងធ្វើសមាហរណកម្មយ៉ាងឆាប់រហ័ស និងសកម្មចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងពាណិជ្ជកម្មតំបន់ និងសកល។ ជាក់ស្តែង កម្ពុជា បានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីជាច្រើន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ជប៉ុន អាស៊ាន-ឥណ្ឌា អាស៊ាន-ចិន អាស៊ាន-ហុងកុង អាស៊ាន-កូរ៉េខាងត្បូង និងអាស៊ាន-អូស្ត្រាលី-ណូវែលសេឡង់ជាដើម។ កម្ពុជា ក៏បានចូលជាសមាជិកនៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលនឹងចូលជាធរមាននាពេលខាងមុខនេះផងដែរ។ មិនតែប៉ុណ្នោះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កន្លងទៅ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីដំបូងបំផុតរបស់ខ្លួន និងបាននិងកំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកំពុងសិក្សាលទ្ធភាពបង្កើត FTA ជាមួយបណ្តាដៃគូពាណិជ្ជកម្មជាច្រើនផ្សេងទៀត៕ 


ព័ត៌មានទាក់ទង...