ព័ត៌មានអន្តរជាតិ

គណបក្សរបស់លោកស្រី អង់សាន ស៊ូជី ឈ្នះការបោះឆ្នោត បន្តដឹកនាំប្រទេសមីយ៉ាន់ម៉ា

image

យ៉ានហ្គោន៖ គណបក្សកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសនៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ខ្លួនបានឈ្នះចំនួនអាសនៈនៅក្នុងរដ្ឋសភាគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីមានការរាយការណ៍ពីការរាប់សន្លឹកឆ្នោត បង្ហាញលទ្ធផលមិនទាន់ផ្លូវការថា គណបក្សរបស់លោកស្រី ស៊ូជី បាននាំមុខគេ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅមុននេះ។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក Myo Nyunt បានប្រាប់ Reuters ថា របាយការណ៍ផ្ទៃក្នុងបានបង្ហាញថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យមីយ៉ាន់ម៉ា របស់លោកស្រី អង់សាន ស៊ូជី បានឈ្នះ ៣២២ អាសនៈ នៅរដ្ឋសភា ដែលគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ទោះបីជាលទ្ធផលរាប់សន្លឹកឆ្នោតផ្លូវការ មិនទាន់ត្រូវបានប្រកាសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតក៏ដោយ។

រដ្ឋសភា មានចំនួនសរុប ៤២៥ អាសនៈ និង ព្រឹទ្ធសភា មានចំនួនសរុប ២១៧ អាសនៈ នៅប្រទេសមីយ៉ាន់ម៉ា។

សូមរំឭកថា គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី បានឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៥ និងបានដឹកនាំប្រទេស ជាមួយនឹង ៣៩០អាសនៈ។

អ្នកនាំពាក្យគណបក្សនេះ រំពឹងថា លទ្ធផលរាប់សន្លឹកឆ្នោតនៅឆ្នាំ២០២០នេះ គណបក្សរបស់លោកស្រី ស៊ូជី រំពឹងថា នឹងទទួលបានចំនួនអាសនៈច្រើនជាងអាសនៈដែលទទួលបានកាលពីឆ្នាំ២០១៥។

អ្នកនាំពាក្យគណបក្សធំទីពីរនៅមីយ៉ាន់ម៉ា គឺគណបក្សសហភាពសាមគ្គីភាព និងការអភិវឌ្ឍ មិនទាន់ចេញមកប្រកាសពីលទ្ធផលរបស់ខ្លួននៅឡើយទេ៕

ប្រភព៖ Reuters

ប្រែសម្រួល៖ លាភ

ព័ត៌មានទាក់ទង...